រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ​​ផលិតផល​ស្មូន​ដី​ជា​អត្តសញ្ញាណ​ខេត្តកំពង់ឆ្នាំង​​ដែល​ត្រូវ​អភិរក្ស​

18-09-2019 11:02 am 63

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ជា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ បានឲ្យដឹងថា គណៈកម្មាធិការ​ជាតិ​បាន​កំពុង​សិក្សា​អំពី​សក្តានុពល​នៃ​ផលិតផល​ស្មូន​ដី ដែលជា​អត្តសញ្ញាណ​របស់​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ធ្វើ​ការអភិរក្ស​និង​ជំរុញ​ការអភិវឌ្ឍ សំដៅ​លើកកម្ពស់​ជីវភាព​របស់ ប្រជាពលរដ្ឋ ដែលជា​សិប្បករ​ស្មូន​ដី​។ លោក​បានលើកឡើង​ដូចនេះ​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យមើល​សិប្បកម្ម​ស្មូន​ដី​ស្ថិតនៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា​។​

​នៅក្នុង​ទស្សនកិច្ច​នេះដែរ លោក​រដ្ឋមន្ត្រី​បាន​សន្យា​នឹង​ខិតខំ​កៀងគរ​ប្រភពធនធាន​និង​ដៃគូ​ផ្សេងៗ ដើម្បី​ជួយ​ធ្វើ​ការអភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ និង​ស្វែងរក​ទីផ្សារ​ឱ្យបាន​ទូលំទូលាយ សម្រាប់​ផលិតផល​ស្មូន​ដី​របស់​កម្ពុជា តាមរយៈ​ការដាក់​តាំង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ជាតិ និង​អន្តរជាតិ សំដៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន និង​ពិភពលោក​បាន​ស្គាល់​អំពី​ផលិតផល ដ៏​មាន​សក្តានុពល​មួយ​នេះ​។​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​នៅក្នុង​មូលដ្ឋាន ឲ្យខិត​ខំ​យកចិត្តទុកដាក់​ថែរក្សា​មុខរបរ​ស្មូន​ដី ដែលមាន​ប្រវត្តិ​ជាប់ទាក់ទង​នឹង​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ពី​បុរាណ​របស់​ប្រជាជន នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​

សូមបញ្ជាក់ថា ការដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យមើល​សិប្បកម្ម​ស្មូន​ដី​នេះ រៀបចំឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​អំពី​គំនិត​ផ្តួចផ្តើម និង​ការរៀបចំ​ផែនការ​ទិសដៅ​របស់​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ចូលរួម​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ស្មូន​ដី​កម្ពុជា​។ ក៏ដូចជា​បំផុស​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​សិប្បកម្ម​ស្មូន​ឆ្នាំង សំដៅ​ជំរុញ និង​ពង្រឹង​ការអភិរក្ស និង​អភិវឌ្ឍ​ទៅជា​ផលិតផល​អត្តសញ្ញាណ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ថែមទាំង​ចូលរួម​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់ ហើយក៏​អាច​សិក្សា​ស្វែងយល់​ឱ្យ​បានច្បាស់លាស់ អំពី​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់ សម្រាប់​ដាក់​បញ្ជូលទៅ​ក្នុង​យុទ្ធសាស្ត្រ​ជំរុញ​ចលនា​ភូ​មិ​មួយ​ផលិតផល​មួយ​៕

ព័ត៌មានផ្សេងទៀត