ក្រុម​តា​លី​បង់​​ប្រាប់​​លោក​ត្រាំ​ថា​​ទ្វារបើក​ជានិច្ច​​សម្រាប់​កិច្ចចរចា​

18-09-2019 9:41 am 296

​តាម​ការបញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​BBC ក្រុម​តា​លី​បង់​បានឲ្យដឹងថា ពួកគេ​បើកទ្វារ​ជានិច្ច​សម្រាប់​ការចរចា​នៅ​ពេលអនាគត​។ ប្រធាន​ដឹកនាំ​កិច្ចចរចា​របស់​ក្រុម​តា​លី​បង់​លោក​សៀ មហា​ម៉ាត់ អា​បាស ស្ដេនី​ក​ហ្សៃ​(Sher Mohammad Abbas Stanikzai)  បាន​ទទូចថា​កិច្ចចរចា​នៅតែ​ជា​វិធីសាស្ដ្រ​មួយគត់ ដើម្បី​ស្វែងរក​សន្ដិភាព​នៅ​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ការបញ្ជាក់​របស់លោក​ស្ដេនី​កហ្សៃ​ធ្វើឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​ដូណាល់ ត្រាំ ប្រកាសថា​កិច្ចចរចា​បាន​ស្លាប់បាត់​ហើយ​។​

​កាលពីដើម​ខែកញ្ញា​នេះ​ភាគី​ទាំងពីរ​គឺ​អាមេរិក​និង​ក្រុម​តា​លី​បង់ បាន​ខិត​កាន់តែ​ជិត​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​១៨​ឆ្នាំ​ជាមួយគ្នា​ទៅហើយ​។ លោក​ត្រាំ​បាន​ទាំង​អញ្ជើញ​មេដឹកនាំ​ក្រុម​តា​លី​បង់ និង​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថានឲ្យ​ទៅជួប​ពិភាក្សាគ្នា នៅ​ជំរំ​Camp David​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​០៨​ខែកញ្ញា​ថែមទៀត​ផង​។ ប៉ុន្ដែ​ការវាយប្រហារ​លើ​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គានី​ស្ថានកា​លពី​ថ្ងៃទី​០៦​ខែកញ្ញា​នេះ ដែល​បានសម្លាប់​ទាហាន​អាមេរិក​ម្នាក់​របួស​១១​នាក់ លោក​ត្រាំ​ក៏​ប្រកាស​ដកចេញ​ភ្លាមៗ​នូវ​អ្វីដែល​បាន​ឯកភាព​កន្លងមក​។ លោក​បាន​និយាយថា​ក្រុម​តា​លី​បង់​ទំនងជា​គ្មាន​សិទ្ធិ​ស្វែងរក​កិច្ចចរចា​ទៀតឡើយ ប្រសិនបើ​ពួកគេ​មិន​អនុវត្ដ​បទ​ឈប់​បាញ់​ចន្លោះពេល​កំពុងមាន​កិច្ច​ចរចា​។​

​កាលពី​ថ្ងៃ​អង្គារ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បានចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ការវាយប្រហា​ររ​បស់​ក្រុម​តា​លី​បង់ ដោយ​និយាយថា​ក្រុម​នេះ​ត្រូវតែ​ចាប់ផ្ដើម​បង្ហាញ​ការប្ដេជ្ញាចិត្ដ​ស្វែងរក​សន្ដិភាព​។ 

​ចំពោះ​មេដឹកនាំ​កិច្ចចរចា​របស់​ក្រុម​តា​លី​បង់​លោក​ស្ដេនី​ក​ហ្សៃ បាន​ច្រានចោល​រាល់​ការចោទប្រកាន់​របស់​អា​មេរិក​។ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​BBC​លោក​គូសបញ្ជាក់ថា ក្រុម​តា​លី​បង់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​។ អាមេរិក​បានសម្លាប់​ក្រុម​តា​លី​បង់​រាប់ពាន់នាក់ ហើយ​បើ​ត្រឹម​ទាហាន​អាមេរិក​ម្នាក់​ស្លាប់ អាមេរិក​មិនគួរ​បញ្ចេញ​ប្រតិកម្ម​និង​លើកឡើងថា​គ្មាន​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំងពីរ​ដូច្នេះ​ឡើយ​។ សម្រាប់​ក្រុម​តា​លី​បង់​បើកទ្វារ​ឲ្យមាន​កិច្ចចរចា​ជានិច្ច ហេតុនេះ​លោក​សង្ឃឹម​ភាគី​ពាក់ព័ន្ធ​នឹង​គិត​ឡើងវិញ​ពី​ការសម្រេចចិត្ដ​ជុំវិញ​កិច្ច​ចរចា​៕

ព័ត៌មានផ្សេងទៀត