ក្រសួង​អប់រំ​មិនទាន់​បង្ហើប​ពី​លទ្ធផល នៃ​ការពិនិត្យ​លើ​ក្រដាស​បេក្ខជន​តវ៉ា​ទេ​

17-09-2019 8:30 pm 153
  ស្តាប់
ស្តាប់ជាសំឡេង

​មក​ពេល​នេះ នៅ​មិនទាន់​មាន​លទ្ធផល​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ជុំវិញ​ដំណើរការ​ត្រួតពិនិត្យ លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន ប្រឡង​បាក់​ឌុប ដែល​បាន​ដាក់ពាក្យ​តវ៉ា​។ នេះ​បើ​តាម​ការអះអាង​ពី​លោក​ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ​។​

​លោក ហង់​ជួន ណារ៉ុន រដ្ឋ​ម​ន្រី្ត​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បាន​ដឹកនាំ​គណៈកម្មការ ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន ដើម្បី​ចាប់ផ្តើម​ដំណើរការ​ធ្វើ​កោសល្យវិច្ច័យ លើ​ក្រដាស​កិច្ចការ​បេក្ខជន ដែល​បាន​ដាក់ពាក្យ​តវ៉ា​លើ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩ សីហា ២០១៩ ដោយ​មាន​ការចូលរួម​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​លោក​ឌី ខាំ​ប៉ូ​លី បានបញ្ជាក់​ថា បច្ចុប្បន្ន​គណៈកម្មការ​កំពុងតែ ដំណើរ​នីតិវិធី​របស់​ខ្លួន ដោយ​មិន​ទាន់​មាន​អ្នកណា ដឹង​ពី​លទ្ធផល​ទទួលបាន​យ៉ាងណា​នោះទេ​។ រង់ចាំ​តាម​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ ឬ​ផេក របស់​ក្រសួង​អប់រំ​។​

​សំឡេង​

​ដោយឡែក ក្រោយ​ដំណើរការ​ពិនិត្យ​លើ​សន្លឹក​កិច្ចការ របស់​បេក្ខជន​ប្រឡង​បាក់​ឌុប ដែល​តវ៉ា​នេះ ក៏​នៅ​មិនទាន់​មាន​ការសម្រេច​ថា នឹង​មាន​ការប្រកាស​លទ្ធផល​ជា​លើក​ទី​២ ឬក៏​យ៉ាងណា​នោះដែរ​។ នេះ​បើ​តាម​ការអះអាង​បន្ថែម​ពី​លោក​ឌី ខាំ​ប៉ូ​លី​។​

សំឡេង

​គេ​នៅ​ចាំបាន​ថា ក្រោយ​ការប្រកាស​លទ្ធផល​ប្រឡង​មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ​២០១៨ មាន​បេក្ខជន​ជាង​១​ពាន់​នាក់ បាន​ដាក់​ពាក្យ​តវ៉ា ក្រោយ​ពី​ក្រសួង​មាន​កំហុស​បច្ចេកទេស លើ​ការ​បូក​ស្រង់​ពិន្ទុ​។ ដោយឡែក សម្រាប់​ឆ្នាំ​២០១៩​នេះ ក៏​មាន​ការតវ៉ា​ផងដែរ ពី​បេក្ខជន​ប្រមាណ​ជាង​២០០​នាក់​។ ជុំវិញ​បញ្ហា​នេះ មាន​ការលើក​ឡើង​ជា​ចម្ងល់​ថា តើ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត នឹង​មាន​ការតវ៉ា​បែបនេះ​ដែរ​ទេ ដែល​អាច​ជា​ទម្លាប់​សម្រាប់​សិស្ស​ពេល​ប្រឡង​ធ្លាក់​?

​យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក​ឌី ខាំ​ប៉ូ​លី បាន​អះអាង​ថា ក្រសួង​នឹង​មាន​យន្តការ​ជា​បន្តបន្ទាប់ ដើម្បីឲ្យ​ដំណើរការប្រឡង​ពីមួ​យ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់តែ​មាន​ភាពល្អប្រសើ​រ​ឡើង​។​

​សំឡេង

លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ធ្លាប់​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន ប្រកបដោយ ស្មារតី ទទួល ខុស​ត្រូវ គោរព​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល​ទទួលយកបាន​។​

គួររម្លឹកថា ក្រសួង​កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា បាន​សម្រេច​បង្កើត «​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​»​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ ឆ្លើយតប​ចំពោះ​សំណូមពរ និង​ការតវ៉ា​របស់​បេក្ខជន​មួយ​ចំនួន​តូច លើ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប សម័យ​ប្រឡង ថ្ងៃទី​១៩​សីហា កន្លងទៅ​។

​ក្រសួង​បាន​បញ្ជាក់ថា ការបង្កើត​គណៈកម្មកា​រ​នេះ ក្នុង​បំណង​ធ្វើ​ឲ្យ​បេក្ខជន និង​អាណាព្យាបាល មាន​សេចក្តីទុកចិត្ត និង​ទទួលលទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប ខណៈ​ដែល​មាន​បេក្ខជន​មួយចំនួន បាន​តវ៉ា​ពុំ​សុខចិត្ត​លើ​លទ្ធផល «​ធ្លាក់​» និង​មាន​បេក្ខជន​មួយ​ចំនួន​ទៀត ពុំ​សុខចិត្ត​ដោយសារ​ទទួលបាន និទ្ទេស​ត្រឹម «B» និង «C» ហើយ​ទាមទារ​យក​និទ្ទេស «A»​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់​យ៉ាង​លម្អិត​អំពី​ដំណើរការ​បច្ចេកទេស​ទាំង​៣​ដំណាក់ គឺ​ដំណាក់កាល​សំណេរ ដំណាក់កាល​កំណែ និង​ដំណាក់កាល​បូក​ស្រង់​ពិន្ទុ ដើម្បី​ធានាបាន​នូវ​ភាព​សុ​ក្រឹត្យ យុត្តិធម៌ និង​តម្លាភាព​។

​ក្រសួង​អប់រំ​ក៏​បាន​សំណូមពរ​ជាថ្មី ដល់​បេក្ខជន​ទាំងអស់​ត្រូវ​ចាំ​ថា លទ្ធផល​ប្រឡង​ឆ្លុះបញ្ចាំង​សារសំខាន់​បី​យ៉ាង​គឺ​៖ ១. អ្នកចេះ​គឺ​ជាប់​, ២.​ការ​ប្រឡង​បាន​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​តម្លាភាព គោលការណ៍​ច្បាប់ និង​ភាព​ទទួលបាន​, និង​៣. លទ្ធផល​ប្រឡង​ពុំមែន​ជា​ការកំណត់​វាសនា​របស់​បេក្ខជន​ទេ​។​ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យមាន​ការ​ខំប្រឹ​ង​បន្ត​ទៅមុខ​ទៀត​៕


 ពាក្យគន្លឹះ  បាក់ឌុបបេក្ខជនតវ៉ា

ព័ត៌មានផ្សេងទៀត