មេដឹកនាំហុងកុង​ប្រកាស​បើក​ការពិភាក្សាបែប​សាធារណៈ​ ដើម្បីបន្ថយភាពតានតឹង

17-09-2019 4:09 pm 166
  ស្តាប់
លោកស្រីខារី ឡាម
ស្តាប់ជាសំឡេង

​លោកស្រី​ខា​រី ឡា​ម​មេដឹកនាំ​ហុងកុង បានធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​។ នៅក្នុង​សន្និសីទកាសែត លោកស្រី​បានប្រកាស​ដំណឹង​ថ្មី​ថា លោកស្រី​នឹង​ចាប់ផ្តើម​បើក​ឲ្យមាន​ការពិភាក្សា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង នៅក្នុង​ទីក្រុង​ហុងកុង នា​សប្តាហ៍​ក្រោយនេះ​។ ការពិភាក្សា​នឹង​ត្រូវធ្វើ​ឡើងជា​សាធារណៈ ហើយ​លោកស្រី​នឹង​ដឹកនាំ​ការពិភាក្សា​ដោយផ្ទាល់ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​របស់​លោកស្រី និង​អនុញ្ញាតឲ្យ​ភាគី​ពាក់ព័ន្ធ​មិន​មែនរដ្ឋាភិបាល ចុះឈ្មោះ​ចូលរួម​ផងដែរ​។ លោកស្រី​ថា សង្គម​ហុងកុង ពិតជា​បាន​ប្រមូលផ្តុំ នូវ​បញ្ហា​សេដ្ឋកិច្ច សង្គម​និង​នយោបាយ​យ៉ាងច្រើន ហើយ​សង្ឃឹមថា បញ្ហា​ទាំងអស់​នឹង​ត្រូវបាន​ដោះស្រាយ​ជា​ដំណាក់កាល​។ 

​ទន្ទឹមនឹងនោះ លោកស្រី​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការតវ៉ា​ផងដែរ​។ បើទោះបី​បើក​ឲ្យមាន​វេទិកា​ពិភាក្សាក្តី ប៉ុន្តែ​អាជ្ញាធរ​មិន​នៅ​ស្ងៀម​ឡើយ ពោល​នឹង​ប្រើ​វិធានការ​បង្ក្រាប ប្រសិនបើ​មាន​ការតវ៉ា​ផ្ទុះ​ជា​អំពើហិង្សា​។ លោកស្រី​ឡា​ម បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​ថា ហុងកុង​នៅតែ​បន្ត​រស់នៅ ក្រោម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ ហើយ​ចិន​ក៏បាន​ប្តេជ្ញា​ដែរថា នៅតែ​គោរព្វ​តាម​គោលការណ៍​ប្រទេសមួយ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​នេះ​។​

​ការប្រកាស​បើក​កា​ពិភាក្សា​ជា​សាធារណៈ ដោយ​មេដឹកនាំ​ហុងកុង ធ្វើឡើង​បន្ទាប់ពី​ហុងកុង​បាន​រង​នូវ​ការ​ញាំញី​ដោយ​មហា​បាតុកម្ម​ធំៗ ធ្វើឡើង​រៀងរាល់​ចុង​សប្តាហ៍ តាំងពី​ខែមិថុនា​មក​។ ការតវ៉ា​ដំបូង​ផ្តើមចេញពី​ការទាមទា​រឲ្យរដ្ឋាភិបាល ទម្លាក់ចោល​សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ ប៉ុន្តែ​ទោះបី​រដ្ឋាភិបាល ព្រម​បោះបង់ចោល​សេចក្តីព្រាងច្បាប់​នេះ​ទាំងស្រុង​ហើយ​ក្តី ក៏​ក្រុមបាតុករ​នៅតែ​បន្ត​ប្រមូលផ្តុំ​តវ៉ា​ទៀត​។ 

​ក្រុមបាតុករ​ម្នាក់​បាន​និយាយ​នៅក្នុង​ការ​តវា់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា សិទ្ធិសេរីភាព​ហុងកុង ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​រដ្ឋាភិបាល​ចិន ហើយ​ការតវ៉ា​នេះ​នឹង​នៅតែ​បន្ត​រហូតដល់​រដ្ឋាភិបាល​ហុងកុង​យល់ព្រម​បំពេញ​តាម​លក្ខខណ្ឌ​ចំនួន​៥​ចំណុច​ឲ្យ​ចប់សព្វគ្រប់​។ លក្ខខណ្ឌ​១​ក្នុងចំណោម​៥​ចំណុច ដែល​ទាមទារ​ដោយ​ក្រុមបាតុករ ត្រូវបាន​ឯកភាព​ដោយ​រដ្ឋាភិបាល​ហុងកុង​រួចហើយ គឺ​ការយល់ព្រម​ដក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​។ ចំណែកឯ​លក្ខខណ្ឌ​ដែល​នៅ​សេសសល់ រួមមាន ការទាមទារ​ឲ្យ​ដក​ពាក្យ​កុបកម្ម​ចេញពី​ការតវ៉ា​នេះ , ដោះលែង​អ្នក​តវ៉ា​ទាំងអស់​ដែល​ត្រូវបាន​ចាប់ខ្លួន​, បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ ចូលទៅក្នុង​ការបង្ក្រាប​ដោយ​ភាព​សាហាវឃោឃៅ​របស់​ប៉ូលិស និង​ផ្តល់​សិទ្ធិ​សម្រាប់​ប្រជាជន​ហុងកុង ក្នុង​ការជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ពេញចិត្ត​។​

​គួរ​ជម្រាបជូន​ដែរថា ចាប់តាំងពី​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ចាប់ផ្តើម​ផ្ទុះឡើង​លាយឡំ​ជាមួយ​អំពើហិង្សា មាន​មនុស្ស​ជិត​១,៥០០​នាក់​ត្រូវបាន​ចាប់ខ្លួន​៕


ព័ត៌មានផ្សេងទៀត