លោក​ជា ច័ន្ទ​បរិបូរណ៌​៖​«​បំណង សម រង្ស៊ី ​គឺ​ផ្តួលរំលំ​​ព្រះមហាក្សត្រ​ សងសឹក​​ឲ្យ​ឪពុក​»​

17-09-2019 4:09 pm 1212

​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក​ជា ច័ន្ទ​បរិបូរណ៌ ហៅ​លោក​សម រង្ស៊ី​ថា «​ស្លឹកឈើ​ជ្រុះ ពិត​មិន​ឆ្ងាយ​ពី​គល់​» លោក​ថា លោក​សម រង្ស៊ី កំពុង​ប្រើ​នយោបាយ​សងសឹក​គំនុំ​ចាស់ ជូន​ខ្មោច​ឪពុក​របស់ខ្លួន គឺ លោក​សម សារី ដែល​កាលនោះ ត្រូវគេ​ចោទថា ជា​ជន​ក្បត់ជាតិ ដោយបាន​អនុវត្ត​ផែនការ​ទីក្រុង​បាងកក របស់​អាមេរិក ដើម្បី​ផ្តួលរំលំ​សម្តេចឪ នរោត្តម សីហនុ នៅ​ទសវត្ស​ឆ្នាំ​១៩៦០​។​

​ការលើកឡើង​ដូច្នេះ ធ្វើឡើង​ក្រោយពី​លោក​សម រង្ស៊ី ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ប្រមាថ​ដល់​អង្គ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហមុនី យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើឱ្យប៉ះពាល់​កិត្តិយស​ជាតិ​។ ការណ៍​នេះ លោក​ជា ច័ន្ទ​បរិបូរណ៍ ចាត់ទុក​លោក​សម រង្ស៊ី​ថា ក្បត់ជាតិ ក្បត់​សាសនា និង​ក្បត់​ព្រះមហាក្សត្រ ជា​យូរណាស់​មកហើយ ដើម្បី​បំពេញ​បំណង​របស់​ឪពុក​លោក គឺ​លោក​សម សារី​។  

​លោក​ជា ច័ន្ទ​បរិបូរណ៌ សន្និដ្ឋានថា ប្រសិនណាបើ លោក​សម រង្ស៊ី មានអំណាច​គ្រប់គ្រង​ប្រទេស នោះ លោក​សម រង្ស៊ី នឹង​ផ្តួលរំលំ​ព្រះមហាក្សត្រ រួមទាំង​រាជវង្សានុវង្ស និង​បើកដៃ​ឱ្យ​បរទេស​មើលងាយ​ជាតិ​ឯង​មិន​ខាន​។ 

​លោក​ជា ច័ន្ទ​បរិបូរណ៍ ហៅ​លោក​សម រង្ស៊ី ថា​ជា​ជន​ក្បត់​ត​ឪពុក ដែល​បាន​ប្រមាថ​អង្គ​ព្រះ​ចេស្តា និង​ព្រះរាជ​កិត្តិយស ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហមុនី ក្នុង​បំណង​ផ្តួលរំលំ​របបរាជានិយម​។ លោក​ស្នើ​ដល់​សូម​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរ៉ឹង​ចំពោះ​លោកសម រង្ស៊ី​។​

​ការចេញ​មក​វាយបក​លើ​លោក​សម រង្ស៊ី ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ​ពេលនេះ គឺ​កើតឡើង​ក្រោយ​លោក សម រង្ស៊ី បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយបាន​លើកឡើងថា ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី គឺជា​ចំណាប់ខ្មាំង និង​ជា​អាយ៉ង​របស់លោក​ហ៊ុន សែន​។ មកដល់ពេលនេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក​សម រង្ស៊ី ហើយ​ដែរ ក្រោម​បទ​ចោទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ តាម​ប្បញ្ញត្តិ​មាត្រា​៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត