​ក្រសួងសុខាភិបាល​​ឱ្យ​ប្រុងប្រយ័ត្ន​ពុល​ស្រា​និង​ចំណីអាហារ​​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​​

17-09-2019 2:59 pm 100

​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យចូល​រួម​អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀសផុត​ពី​បញ្ហា​សុខភាព​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំឲ្យ​ក្អួត រា​ក ការ​ពិសា​ស្រា និង​ជំងឺឆ្លង​ផ្សេងៗ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​កន្លងមក​មាន​ពលរដ្ឋ​មួយចំនួន​ស្លាប់​ដោយសារ​ពុល​ចំណីអាហារ ជាពិសេស​គឺ​ពុល​ស្រាស​ដែល​ផលិត​មិន​ត្រឹមត្រូវ​។

​ដើម្បី​ចូលរួម​បង្ការ​សុខភាព​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ពិសា​ស្រា នាឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ ក្រសួង​សុខាភិបាល តាមរយៈ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC  បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យចូល​រួម​អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀសផុត​ពី​បញ្ហា​សុខភាព​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំឲ្យ​ក្អួត រា​ក និង​ការ​ពិសា​ស្រា​និង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែលមាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារ​ធាតុគីមី​។​
​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឱ្យ​អនុវត្ត​នូវ​ការប្រុងប្រយ័ត្ន​ដ៏​សាមញ្ញ​មួយចំនួន នៅពេលដែល​កាន់ និង​រៀបចំ​ម្ហូបអាហារ ដែល​អាច​ការពារ​អ្នក​គ្រប់គ្នា និង​ក្រុមគ្រួសារ​ពី​ការឈឺ​បាន​ដូចជា ៖

១. ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត​និង​ឆ្អិន​ជានិច្ច​

២.​ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល​និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោ​បង់​។​

៣. លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យបាន​ស្អាត​មុន​បរិភោគ​

៤. សំអាត​សម្ភារ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យបាន​ត្រឹមត្រូវ​

៥.​ចម្អិន​អាហារ​ឲ្យបាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ ។​

៦.​ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ។​

៧. កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង​

៨. មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​
​ក​. បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវឲ្យ​នៅក្រោម​សីតុណ្ហភា​ព​៥​អង្សា​សេ​
​ខ​. បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ​គឺ​ត្រូវឲ្យ​លើសពី​សីតុណ្ហភា​ព​៦០​អង្សា​សេ​

៩. កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​។​

​ចំពោះ​ការពុល​ស្រា ក្រសួង​សុខាភិបាល បាន​ណែនាំ​ចំពោះ​មនុស្សពេញវ័យ​ទាំងអស់ សូម​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ បើ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា ដូច​រៀបរាប់​ខាងលើ សូម​ស្វែងរក​ដំបូន្មាន​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។​

​បើតាម​ក្រសួងសុខាភិបាល បានឱ្យដឹងថា ការពុល​ចំណីអាហារ​ភាគច្រើន​បណ្តាលមកពី​ការរៀបចំ​អាហារ​មិនមាន​អនាម័យ​ល្អ ទាំង​ក្នុង​ចំណីអាហារ និង​អ្នករៀបចំ​ទុកដាក់ និង​ការ​ចែកចាយ​ចំណីអាហារ និង​ការ​ពិសា​ស្រា ដែល​បាន​ផលិត ឬ​បាន​បិត ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។ រោគសញ្ញា ដែល​បណ្តាលឲ្យ​ពុល​ចំណីអាហារ​មានដូចជា ក្អួត ចង្អោ​រ រា​ក រា​កមួល ដែល​អាច​គ្រោះថ្នាក់​ដល់ អាយុជីវិត​បាន​។ ការពុល​ស្រា​បណ្តាលឲ្យមាន​រោគសញ្ញា​ដូចជា​ឈឺក្បាល ក្អួត ឈឺ​ពោះ វិលមុខ ងងឹត​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិវត្ត​ទៅ​ស្លាប់បាន​។​

​លទ្ធផល​វិភាគ​សំណាក​ស្រាស ដែល​ទទួលបាន​ពី​ទីកន្លែង​ដែល​កើតហេតុ​របស់​មន្ទីរពិសោធន៍​ជាតិ​នៃ​ក្រសួង​សុខាភិបាល បាន​រកឃើញថា ស្រាស ឬ​ស្រាថ្នាំ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ពិសា​ក្នុង​តំបន់​ដែល​កើតហេតុ​នា​ពេលកន្លងមក មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​ធ្វើឱ្យពុល​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​នូវ​ការបរិភោគ ស្រាស ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ដែល​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​ពុល​ស្លាប់​ដោយសារ​បរិភោគ​ចំណីអាហារ ដែល​គ្មាន​គុណភាព និង​គ្មាន​អនាម័យ ជាពិសេស​គឺ​ពុល​ស្រាស ផលិត​មិនបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស បាន​បណ្ដាលឱ្យ​ឈឺ​និង​ស្លាប់​ជាច្រើន​នាក់ ដែល​បាន​កើតឡើង​ក្នុង​ខេត្តក្រចេះ​។ ​

សំរាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដោយ​ឥតគិតថ្លៃ 115 ទោះ​គ្មាន​ថវិកា​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ក៏​អាច​ទូរស័ព្ទ​ចូល​បានដែរ​៕

ព័ត៌មានផ្សេងទៀត