ណា​តូ​បារម្ភ​ពី​ការកើនឡើង​ភាព​តានតឹង​កាន់តែខ្លាំង ក្រោយ​ស្ថានីយ៍​ប្រេង​រង​ការវាយប្រហារ​

17-09-2019 1:38 pm 675

«​យើង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ការពារ​កុំឲ្យ​មាន​ការវាយប្រហា​រ​បែបនេះ​កើតឡើង​ម្តងទៀត ពីព្រោះថា វា​អាចមាន​ផលវិបាក​សម្រាប់​តំបន់​ទាំងមូល​។ » នេះ​ជា​ការលើកឡើង​របស់ លោក​Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណា​តូ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​AFP​។ លោក​Jens Stoltenberg បាន​សម្តែង​នូវ​ការព្រួយបារម្ភ ថា​នឹងមាន​ការកើនឡើង​នូវ​ភាព​តានតឹង​កាន់តែខ្លាំង ក្រោយ​ការវាយប្រហា​រលើ​ស្ថានីយ៍​ចម្រាញ់​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​។​

​លោក​Jens Stoltenberg ក៏បាន​និយាយ​ផងដែ​រថា អ៊ីរ៉ង់​កំពុង​ធ្វើឲ្យមាន​អស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​។ អ៊ីរ៉ង់​ដែល​រង​នូវ​ការចោទប្រកាន់ថា ជា​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​លើ​ស្ថានីយ៍​ចម្រាញ់​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​។ អង់គ្លេស និង​អាមេរិក អះអាងថា​នឹង​ជួយ​អា​រ៉ាប៊ីសាអូឌីត ឆ្លើយតប​ចំពោះ​ការវាយប្រហារ​នេះ ប៉ុន្តែ​ពួកគេ​រង់ចាំ​ជួបពិភាក្សា​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត ជាពិសេស​គឺ​ការកំណត់​អត្តសញ្ញាណ អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ ឲ្យបាន​ច្បាស់លាស់​ជាមុន​សិន​។ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា លោក​មិន​ចង់​សំឡឹងមើល​រក​ជម្លោះ​ថ្មី​ទេ ប៉ុន្តែ​ពេលខ្លះ​ត្រូវតែ​ធ្វើ​។ ចំណែក​ចិន តាមរយៈ​ក្រសួងការបរទេស បាន​ប្រឆាំង​រាល់​សកម្មភាព ដែល​ពង្រីក​ឬ​បង្កើន​ជម្លោះ ខណៈ​វិមាន​ក្រឹម​ឡាំង​ទទូច​ឲ្យ​ប្រទេស​ទាំងអស់ ចៀសវាង​ការធ្វើ​សេចក្តីសន្និដ្ឋាន​ខុស ដែល​អាចធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ 

​ស្ថានីយ៍​ចម្រាញ់​ប្រេង​ចំនួន​ពីរ​របស់​ក្រុមហ៊ុន Aramco នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត បាន​រង​នូវ​ការវាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រដោយអ៊ីរ៉ង់កាលពី​សប្តាហ៍​មុន​។ ក្រុមចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត សម្រាប់​បេសកកម្ម​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​នៅ​យេមែន បាន​អះអាងថា  អាវុធ​ដែល​ប្រើប្រាស់​សម្រាប់​វាយប្រហារ​នោះ គឺ​នាំ​មកពី​ប្រទេស​អ៊ីរ៉ង់​។ យ៉ាងណា អ៊ីរ៉ង់​បាន​បដិសេធ​ហើយ​ថា មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការវាយប្រហារ​នេះ​ទេ​។ 

​លទ្ធផល​នៃ​ការវាយលុក​លើ​ស្ថានីយ៍​ចម្រាញ់​ប្រេង​នេះ មិនមែន​ប៉ះពាល់​លើ​ប្រទេស​អា​រ៉ាប៊ីសាអូឌីតតែ​មួយនោះ​ទេ ប៉ុន្តែ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​សម្រាប់​ពិភពលោ​កទាំង​មូល​។ ភ្លាមៗ​បរិមាណ​ផ្គត់ផ្គង់​ប្រេង លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​៥​ភាគរយ ហើយ​តម្លៃ​ក៏​កើនឡើង​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ លោក​ប្រធានាធិបតី ត្រាំ បាន​អនុញ្ញាតឲ្យ​បញ្ចេញ​ប្រេង​បម្រុង ដែល​អាមេរិក​ស្តុក​ទុក យកទៅ​ទប់ទល់​បណ្តោះអាសន្ន ទម្រាំ​តែ​ស្ថានីយ៍​ចម្រាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត អាច​ដំណើរការ​ឡើងវិញ​បាន​ពេញលេញ ដែល​ទំនង​ត្រូវការ​ពេល​ជាច្រើន​សប្តាហ៍​។ នេះ​បើតាម​ការសន្និដ្ឋាន​របស់​អ្នកជំនាញ​៕

ព័ត៌មានផ្សេងទៀត