តាំងពីចូលកាន់តំណែងភ្លាមៗ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ត្រូវបានគេចាត់ទុកជាបុរសចិត្ដឆៅ និយាយយ៉ាងណាធ្វើយ៉ាងនោះ ហើយក៏ត្រូវបានគេចាត់ទុកថាជាមេដឹកនាំល្មោភសង្គ្រាមផងដែរ។ រីឯមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនវិញរឹតតែមិនបាច់និយាយ ព្រោះលោកជាមេដឹកនាំផ្ដាច់ការ ហេតុនេះគ្មានអ្វីប្លែកទេដែលលោកជាមនុស្សកាច ហើយក៏មិនបាច់និយាយពីរឿងធ្វើសង្គ្រាមដែរ ព្រោះលោកអាចកំដបានគ្រប់ពេល។ តែរឿងដែលភ្ញាក់ផ្អើលបំផុតនិងធ្វើឲ្យពិភពលោកស្ងើចសរសើរ គឺលោកត្រាំនិងលោកគីមបែរជាអាចអង្គុយចរចាគ្នាបាន។ ទោះបីជាការអនុវត្ដតាមកិច្ចព្រមព្រៀងរូមហាក់ជាប់គាំងនាពេលបច្ចុប្បន្ន តែមេដឹកនាំទាំងពីរមិនបោះបង់វិធីសាស្ដ្រយកបញ្ហាដាក់លើតុចរចាឡើយ។ តើបុរសខ្លាំងទាំងពីរប្ដេជ្ញាយ៉ាងណាខ្លះក្នុងការដោះស្រាយបញ្ហាប្រឈម?
ជាបន្ដសូមស្ដាប់នាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិ រៀបចំជូនដោយពេញ ផេងដូចតទៅ៖
ក្នុងរយៈពេលថ្មីៗនេះស្ថានភាពនៅលើឧបទ្វីបកូរ៉េ ហាក់តានតឹងបង្កជាការព្រួយបារម្ភបន្ដិចពីសំណាក់អន្ដរជាតិក៏ដូចជាអ្នកតាមដានស្ថានការណ៍។ ព្រួយបារម្ភព្រោះតែកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលឡើងវិញដល់ទៅ៨លើក ក្រោយស្ងប់ស្ងាត់តាំងពីចុងឆ្នាំ២០១៧។ មីស៊ីលដែលហោះចេញពីកូរ៉េខាងជើងជាថ្មី ត្រូវបានគេចាត់ទុកជាសកម្មភាពបង្ហាញថា កូរ៉េខាងជើងលែងយកចិត្ដទុកដាក់នឹងកិច្ចព្រមព្រៀងជាមួយអាមេរិកទៀតហើយ។ កូរ៉េខាងជើងបានព្រមព្រៀងជាមួយអាមេរិកនឹងចាប់ផ្ដើមរំលាយចោលកម្មវិធីនុយក្លេអ៊ែរ ដើម្បីដោះដូរការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្ដែដំណើរការរំលាយនុយក្លេអ៊ែរត្រូវជាប់គាំង ពោលគឺការអនុវត្ដតាមសេចក្ដីប្រកាសរួមចេញក្រោយកិច្ចជំនួបលើកដំបូងជាប្រវត្ដិសាស្ដ្រក្នុងប្រទេសសិង្ហបុរី ធ្វើបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
លោកគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង និងលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានជួបគ្នាជាបន្ដបន្ទាប់ចរចាពីបញ្ហាជាប់គាំង ប៉ុន្ដែកិច្ចចរចាត្រូវបរាជ័យទាំងស្រុង។ បរាជ័យដោយសារតែភាគីទាំងពីរប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួន មិនព្រមបន្ទន់ឥរិយាបថអត់ឱនឲ្យគ្នា។ តួយ៉ាងក្នុងកិច្ចជំនួបលើកទីពីរនៅវៀតណាម កូរ៉េខាងជើងស្នើឲ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មខ្លះ ប៉ុន្ដែអាមេរិកមិនព្រមតែចង់ឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរជាមុនសិន។ ភាពរឹងរូសនេះបានធ្វើឲ្យកិច្ចជំនួបនៅហាណូយកាលពីថ្ងៃទី២៧-២៨ខែកុម្ភឆ្នាំ២០១៩ ត្រូវបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។
បន្ទាប់ពីនោះជំនួបលើកទីបីបានធ្វើឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃទី៣០ខែមិថុនា នៅតំបន់ព្រំដែនកូរ៉េទាំងពីរ តែវាគ្រាន់ជាការជួបគ្នារយៈពេលខ្លីដោយគ្មានព្រៀងទុក ហេតុនេះពុំមានការពិភាក្សាកិច្ចការជាដុំកំភួនទេ។ ជំនួបកាលនោះមេដឹកនាំទាំងពីរបានប្រកាសនឹងបន្ដកិច្ចខិតខំប្រឹងប្រែង ស្វែងរកវិធីសាស្ដ្រដោះស្រាយភាពតានតឹង។ ក្រោយជំនួបលើកទីបីអាមេរិកនិងកូរ៉េខាងត្បូងបានប្រកាសចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំឡើងវិញ ដែលសមយុទ្ធនេះហើយបានធ្វើឲ្យកូរ៉េខាងជើងចេញប្រតិកម្ម។ កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីល៨លើក ហើយលោកគីម ជុងអ៊ុនបានគំរាមទៅកូរ៉េខាងត្បូងឲ្យបញ្ឈប់សមយុទ្ធជាបន្ទាន់ បើចង់បានដំណោះស្រាយដោយសន្ដិភាពលើឧបទ្វីបកូរ៉េ។
ប៉ុន្ដែការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង លោកដូណាល់ ត្រាំមិនបានចាត់ទុកជារឿងធំទេ ហើយលោកក៏មិនបានបញ្ជាឲ្យផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូងដែរ។ មិនត្រឹមមិនខឹងនឹងលោកគីម ជុងអ៊ុន លោកត្រាំបានទាំងបង្ហាញភាពជឿទុកចិត្ដលើលោកគីមកាន់តែខ្លាំង ហ៊ានអះអាងថាលោកគីមនៅតែចង់បានការចរចាដោយសន្ដិភាព។ លោកត្រាំបានប្រកាសចង់ជួបជាមួយលោកគីមជាលើកទីបួន ប៉ុន្ដែមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ទេ។ មន្ដ្រីអាមេរិកនិងកូរ៉េខាងជើងក៏ចាប់ផ្ដើមទាក់ទងគ្នាឡើងវិញ ដើម្បីរៀបចំកិច្ចជំនួបនេះ។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ឲ្យធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។ ការអញ្ជើញធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោកត្រាំកាលពីខែសីហា ដែលលិខិតនោះលោកត្រាំបានទទួលកាលពីសប្ដាហ៍ទីបីក្នុងខែសីហា។
នេះជាលិខិតទីពីរដែលលោកត្រាំទទួលបានពីលោកគីមក្នុងរយៈពេលមួយខែ ហើយបានផ្ញើទៅចន្លោះពេលអាមេរិកនិងកូរ៉េខាងជើងកំពុងជាប់គាំងលើកិច្ចពិភាក្សារំលាយកម្មវិធីនុយក្លេអ៊ែរ។ ក្នុងលិខិតលោកគីមបានបង្ហាញពីគោលបំណងរបស់លោក ចង់ជួបលោកត្រាំក្នុងកិច្ចប្រជុំម្ដងទៀត យកបញ្ហាសេសសល់មកពិភាក្សាជាថ្មី។
ឆ្លើយតបចំពោះការអញ្ជើញរបស់លោកគីម ជុងអ៊ុន លោកដូណាល់ ត្រាំបាននិយាយថា ពេលនេះមិនមែនជាពេលវេលាត្រឹមត្រូវ សម្រាប់ការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងនោះទេ។ ប៉ុន្តែលោកនឹងទៅនៅពេលវេលាសមស្របណាមួយនាថ្ងៃអនាគត ដោយអាស្រ័យលើអ្វីដែលកើតឡើង។ អាស្រ័យទៅលើអ្វីដែលកើតឡើង ទំនងលោកត្រាំចង់សំដៅទៅលើ ការចរចារំលាយនុយក្លេអ៊ែរកូរ៉េខាងជើងដែលកំពុងជាប់គាំង។ បន្ថែមលើនេះលោកត្រាំក៏សង្ឃឹមដែរថា លោកគីម ជុងអ៊ុននឹងពេញចិត្តនៅក្នុងការបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញដូចគ្នា។ លោកត្រាំនៅតែសរសើរពីទំនាក់ទំនងជាមួយលោកគីមថាពិតជាល្អប្រសើរ។
ជារួមដ្បិតមិនទាន់ឯកភាពថានឹងជួបគ្នានៅកន្លែងណានិងពេលណាឲ្យពិតប្រាកដ ប៉ុន្ដែការបោះដៃឲ្យគ្នាទៅវិញទៅមកដូច្នេះ សបញ្ជាក់កាន់តែច្បាស់ថាលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុន មិនបោះបង់ចោលគោលបំណងជួបចរចាដោះស្រាយវិបត្ដិដោយសន្ដិភាពឡើយ។ វាក៏ជាអ្វីដែលអន្ដរជាតិកំពុងចង់បានដូចគ្នា។ ចំពោះជំនួបលើកទីបួនប្រសិនរៀបចំឡើងមែន ក៏ទំនងជាមានលទ្ធផលផ្លែផ្កាអាចទទួលយកបាន មិនដូចជំនួបលើកទីពីរនិងលើកទីបីឡើយ ។ មូលហេតុគឺថាភាគីទាំងពីរបានសិក្សាស្វែងយល់ពីគ្នាកាន់តែច្រើន សមល្មមនឹងអាចរកចំណុចរួមឃើញហើយ។
គួរបញ្ជាក់ឡើងវិញថា បើគិតពីជំនួបរវាងលោកត្រាំជាមួយលោកគីមបានធ្វើឡើងបីដងហើយ។ លើកទីមួយចាប់ផ្ដើមនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នៅសិង្ហបុរី លើកទីពីរនៅថ្ងៃទី២៧-២៨ខែកុម្ភៈឆ្នាំ២០១៩នៅទីក្រុងហាណូយប្រទេសវៀតណាម និងលើកទីបីនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩នៅតំបន់ព្រំដែនកូរ៉េ។ ជំនួបទាំងបីលើកមានតែជំនួបលើកទីមួយប៉ុណ្ណោះដែលជោគជ័យ ក្រៅពីនេះគ្មានទទួលលទ្ធផលអ្វីទាំងអស់៕