រដ្ឋាភិបាល​ដាក់ចេញ​យុទ្ធសាស្ត្រ​៤​ចំណុច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​មកវិញ​

17-09-2019 11:45 am 102
  ស្តាប់
ស្តាប់ជាសំឡេង

ក្រោយ​មាន​ការធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរ​នៅ​តាម​គោលដៅ ដូចជា​សៀមរាប​-​អង្គរ គណៈកម្មការ​អន្តរក្រសួង​បាន​ប្រកាស​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ចំនួន​៤ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា ក្នុងការ​ស្រោចស្រង់​កំណើន​ភ្ញៀវ​ទេសចរ​ឡើងវិញ ខណៈ​តំបន់​ដែល​មាន​សក្ដានុពល​សំខាន់ៗ​ចំនួន​៤ ក៏​ត្រូវបាន​កំណត់ថា ត្រូវតែ​អភិវឌ្ឍន៍​ទៅ​គោលដៅ ទេសចរណ៍​ទាក់ទាញ​ជា​ចាំបាច់​ផងដែរ​។ 

​ការប្រកាស​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជា​ចាំបាច់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ផែនការ​សកម្មភាព​ការងារ​អនុវត្ត​ចំពោះមុខ រយៈពេល​ខ្លី​(២០១៩-២០២០) ក្រោម​ទិស​ស្លោក «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​» ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ក្រោម​ការដឹកនាំ​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ផែន​ន​ការ​យុទ្ធសាស្ត្រ​ទាំង​៤​នោះ រួមមាន ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មី និង​ការពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ បង្កើត​ភាព​ប្រកួតប្រជែង បង្កើត​ការតភ្ជាប់ និង បង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​តំបន់​សៀមរាប​។​

​ជាមួយគ្នានេះដែរ គណៈកម្មការ​អន្តរក្រសួង​បាន​កំណត់​យក​តំបន់​បឹង​ទន្លេសាប ភ្នំ​គូលែន ទីក្រុង​សៀមរាប និង​តំបន់​ជុំវិញអង្គរ ជា​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី ក្រៅ​ពី​ប្រាសាទ​អង្គរ ដោយ​នឹងសិក្សា​បង្កើត​សកម្មភាព​កម្សាន្ត សេវាកម្ម សេវា​ស្នាក់នៅ និង​ការរៀបចំ​វិថី​ម្ហូបអាហារ​ជាដើម​។​

​សូមបញ្ជាក់​ថា ដើម្បី​ត្រៀម​ខ្លួន​ទទួល​វត្តមាន​ភ្ញៀវទេសចរ ដែល​នឹង​មាន​ការកើនឡើង​នា​ពេល​ខាង​មុខ​នោះ រដ្ឋាភិបាល​នឹង​បង្កើត​ក្រុង​សៀមរាប​ថ្មី​មួយ ដែល​មាន​ការអនុញ្ញាត​ឱ្យ​មាន​ការកសាង​អគារ​ទំនើបៗ និង​ត្រូវមាន​អាកាសយានដ្ឋាន​អន្តរជាតិ​ធំថ្មី ដោយ​ក្រុង​សៀមរាប​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ទិស​ខាងកើត​ក្រុង​សៀមរាប​បច្ចុប្បន្ន មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​៕

 ពាក្យគន្លឹះ  រដ្ឋាភិបាលទេសចរណ៍

ព័ត៌មានផ្សេងទៀត