ប្រទេស​មា​ឡេ​ស៊ី​ ជា​ទិសដៅ​​លោក​សម រង្ស៊ី ​ចូល​តំបន់​អាស៊ី ​មុន​ឆ្លង​ចូល​​កម្ពុជា​?​

17-09-2019 11:34 am 435

​លោក​សម រង្ស៊ី និយាយថា ប្រទេស​ម៉ាឡេស៊ី ជា​គំរូសម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការតស៊ូ​របស់​ប្រជារាស្ត្រ ដើម្បី​ដណ្តើមយក​លទ្ធិប្រជាធិបតេយ្យ​មកវិញ​។​

​បើតាម​លោក​សម រង្ស៊ី ដែល​បាន​សរសេរ​បញ្ជាក់​នៅលើ​សារព័ត៌មាន​អន្តរជាតិ The Geopolitics ថ្ងៃ ១៥ កញ្ញា ២០១៩ ដែលមាន​ចំណងជើង "Malaysia’s Democratic Renewal Points the Way Ahead for Cambodia" មានន័យថា "​ការ​រស់​ឡើងវិញ នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​ម៉ាឡេស៊ី បង្ហាញផ្លូវ​សម្រាប់​ប្រទេស​កម្ពុជា ទៅ​ថ្ងៃមុខ​"​។ 

​ជា​ការកត់សម្គាល់ ការប្រកាស​យក​ប្រទេស​ម៉ាឡេស៊ី ជា​គំរូ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការតស៊ូ​របស់​ប្រជារាស្ត្រ ដើម្បី​ដណ្តើមយក​លទ្ធិប្រជាធិបតេយ្យ​មកវិញ នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋ Massachuesetts សហរដ្ឋអាមេរិក បានសម្រេច​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ដំណើរ​វិលត្រឡប់​របស់​លោកសម រង្ស៊ី មាន ៥​ចំណុច ដែល​ក្នុងនោះ បានសម្រេច​ឱ្យ​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្ស​ចូល​ទៅកាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​៥ វិច្ឆិកា​។ ការណ៍​នេះ បង្កើតជា​ចម្ងល់​ថា តើ​ប្រទេស​ណាមួយ ដែល​លោក​សម រង្ស៊ី ឈប់​សំចត នៅ​ថ្ងៃទី​៥ វិច្ឆិកា មុននឹង​ឆ្លង​ចូល​កម្ពុជា នៅ​ថ្ងៃទី​៩ វិច្ឆិកា? ខណៈ​ប្រទេស​ឡាវ ដែល​លោក​ធ្លាប់​ដៅ ជា​ចំណុច​អាទិភាព ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទប់​ស្កាត់​មុន រួច​ទៅហើយនោះ? ឯ​ប្រទេស​ថៃ និង​វៀតណាម ក៏​ទំនងជា​លោក​សម រង្ស៊ី មិន​ហ៊ាន​ប្រថុយ​ដែរ​។

​ចុះបើ​លោក​សម រង្ស៊ី កំណត់​យក​ប្រទេស​ម៉ាឡេស៊ី ជា​គោលដៅ​សម្រាប់​ថ្ងៃទី​០៥ វិច្ឆិកា តើ​ម៉ាឡេស៊ី អាច​នឹង​ចាប់ខ្លួន​លោក​សម រង្ស៊ី ប្រគល់ឲ្យ​អាជ្ញាធរ​កម្ពុជា​ដែរ ឬទេ​? ខណៈ​លោក​ហ៊ុន សែន ប្រកាស​ដាច់​ណាត់​ថា នឹង​បញ្ជូន​ដីកាចាប់ខ្លួន​លោក​សម រង្ស៊ី ទៅដល់​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​ក្នុងនោះ ម៉ាឡេស៊ី ក៏​ជា​ប្រទេស​អាស៊ាន​ដ៏​សំខាន់ និង​លេចធ្លោ​មួយ​ដែរ​? តែ​លោក សម រង្ស៊ី ធ្លាប់បាន​បញ្ជាក់ថា លោក​ប្រើ​លិខិត​ឆ្លង ដែលជា​ជនជាតិ​បារាំង ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​ហ៊ាន​ចាប់ខ្លួន​លោក​ទេ​។​

​យ៉ាងនេះក្តី មកដល់ពេលនេះ​ហើយ ក៏មាន​មជ្ឈដ្ឋាន​ជាច្រើន នៅតែ​មិនទាន់​ជឿជាក់ថា លោក​សម រង្ស៊ី ពិតជា​ចិត្តសឿង​ហ៊ាន​ចូល​ស្រុក ក្នុងស្ថានភាព​បែបនេះ​ទេ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា ការប្រកាស​វិល​ចូល​ស្រុក របស់លោក​សម រង្ស៊ី គ្រាន់តែ​ជា​អំពើ​វិទ្ធង្សនា​ប៉ុណ្ណោះ ​គ្មានអ្វី​ពិតប្រាកដ​នោះទេ និង ថា​ការអំពាវនាវ​ឲ្យកម្លាំង​ប្រដាប់អាវុធ​មក​គាំទ្រ​លោក​សម រង្ស៊ី គឺ​គ្មាន​កងទ័ព​ណាមួយ​មក​ស្ដាប់​បញ្ជា​លោក​សមរង្ស៊ី​នោះទេ ពីព្រោះ​លោក​សម រង្ស៊ី នេះ រកតែ​លុយ​ចូល​ស្រុក​មិនបាន ដើរ​សុំ​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស តើ​មាន​លុយ​ឯណា​ទៅ​ទិញ​ទឹកចិត្ត​កងទ័ព​កម្ពុជា​បាន​នោះ​?

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៥ កញ្ញា ឆ្នាំ​២០១៩ គណបក្ស​សង្គ្រោះ​ជាតិ ទើបតែ​ចេញ​សេចក្តីថ្លែងការណ៍ ថ្មី​មួយ​នៅសហរដ្ឋអាមេរិក បាន​ដាក់ចេញ​ផែនការ​មាន ៥ ចំណុច​សម្រាប់​ការរៀបចំ​ដំណើរ​ចូល​ស្រុក របស់លោក​សម រង្ស៊ី គឺ​១- គាំទ្រ​ផែនការ​សកម្មភាព ដែល​សម្រេច​ដោយ​កិច្ចប្រជុំ​កំណត់​ផែនការ​យុទ្ធសាស្ត្រ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ទី​២- កំណត់​ចាត់ចែង​មធ្យោបាយ ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស និង​លោក​សម រង្ស៊ី ចូល​ទៅកាន់​តំបន់​អាស៊ី នៅ​ថ្ងៃ ០៥ វិច្ឆិកា ២០១៩​។ ទី​៣- ត្រៀម​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កងកម្លាំងប្រដាប់អាវុធ ដែល​ផ្តាច់ខ្លួន​ពី​របប​ហ៊ុន សែន មក​ការពារ​ប្រជារាស្ត្រ នៅ​ថ្ងៃ ០៩ វិច្ឆិកា ២០១៩​។ ទី​៤- ប្រគល់​ភារកិច្ច​ជូន​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​លំដាប់ថ្នាក់ ទាំង​ក្នុង និង​ក្រៅប្រទេស អនុវត្ត​ផែនការ​មាតុភូមិនិវត្តន៍ ថ្ងៃ ០៩ វិច្ឆិកា ២០១៩ និង​ទី​៥- អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស វិលត្រឡប់​ចូល​កម្ពុជា មក​ចូលរួម​ជា​មហា​កម្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន នៅ​ថ្ងៃ ០៩ វិច្ឆិកា ២០១៩​។​

​សូមជម្រាបថា លោក​សម រង្ស៊ី បាន​និរទេស ខ្លួនឯង​ឯង​កាលពី​ចុងឆ្នាំ​២០១៥  ហើយ​តាំងពី​នោះមក លោក​បានប្រកាស​វិល​ចូល​កម្ពុជា​វិញ ជា​បន្តបន្ទាប់ តែ​មិនដែល​ចូល​តាម​សន្យា​នោះទេ ហើយក៏​មិនដែល​ដាក់​កាលបរិច្ឆេទ​ច្បាស់លាស់​ដែរ​។ ទើបតែ​នៅក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​លោក ជាប់​បណ្ដឹង​កាន់តែច្រើន ដែល​ប្ដឹង​ដោយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ក៏​ដាក់​កាលបរិច្ឆេទ​ចូល​ស្រុក នៅ​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​ខួប ៦៦​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត