រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​ប្តេជ្ញា​ពង្រឹង​អភិបាលកិច្ច ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ដើម្បី​កំណើនសេដ្ឋកិច្ច​​

17-09-2019 11:19 am 70

​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ សំដៅ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន តាមរយៈ​ការ​ផ្តល់នូវ​សេវាសាធារណៈ​ប្រកបដោយ​សុចរិត​ភាព និង​គណនេយ្យភាព ដើម្បី​លើកស្ទួយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាញយក​អត្ថប្រយោជន៍​ពី​ការធ្វើសមាហរណកម្ម ទៅក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អាណត្តិ​ទី​៤ លើក​ទី​១ នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី​១៦ កញ្ញា ។​

​លោក​ប៉ាន សូរ​ស័ក្តិ លើកឡើង​ពិធី​អំពី​វឌ្ឍនភាព​ផ្នែក​សង្គម​សេដ្ឋកិច្ច និង​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការសម្របសម្រួល​ការអភិវឌ្ឍ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក​ថា “​ការសម្រេចបាន​នូវ​កត្តា​ទាំងនេះ ជួយ​ឱ្យ​កម្ពុជា ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​តំបន់ ដែល​រួមចំណែក​យ៉ាងសំខាន់ ដល់​ការបង្កើត​ឱកាស​ការងារ និង​ការ​កាត់​ភាពក្រីក្រ ហើយ​បានប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​ជា​ខ្លា​ថ្មី​នៅ​អាស៊ី​» លោក​ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍​បន្ថែម​។​

​លោក​ប៉ាន សូរ​ស័ក្តិ បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន ៤ ចំណុច​ដល់​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​រាជធានី​/​ខេត្ត រួមមាន​៖១. ត្រូវខិតខំ​ស្វែងរក និង​ទាក់ទាញ​អ្នកវិនិយោគ ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែមទៀត ក្នុងនោះ​ត្រូវខិតខំ​រៀបចំ​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម នៅតាម​តំបន់ រឺ​ប្រទេស​ណាមួយ ដែលមាន​ប្រជាជន​កម្ពុជា​រស់នៅ​ច្រើន​។​២. ត្រូវ​នៅ​ជិត​អាជីវករ​ដែលជា​សមាជិក​ធម្មតា ដើម្បី​ដឹង​ពី​សុខទុក្ខ ឬ​បញ្ហា​ប្រឈម ដោយ​ទទួលយក​សំណូមពរ​នានា ដើម្បី​ផ្តល់​ជា​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ហើយ​ត្រូវ​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់ អំពី​អត្ថប្រយោជន៍​នៃ​ការចូលរួម​ជាមួយ​សភា​ពាណិជ្ជកម្ម ដែលជា​តំណាងឱ្យ​វិស័យ​ឯកជន​។​៣. ត្រូវ​ធ្វើការ​ផ្តល់ព័ត៌មាន និង​សេវា​ផ្សេងៗ​ឱ្យបាន​ទាន់ពេលវេលា ដល់​សមាជិក​-​សមាជិកា ដើម្បី​ធានា​ឱ្យ​ដំណើរការ​មាន​ភាពរលូន​។ និង​ទី​៤ ត្រូវ​ពង្រឹង​ការយល់ដឹង​របស់​សមាជិក​-​សមាជិកា អំពី​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​កា​ងារ​រ​គ្រប់គ្រង​រដ្ឋបាល ឱ្យមាន​ដំណើរការ​ជាប្រចាំ ហើយ​ត្រូវ​បន្ត​រៀបចំ​ទីស្នាក់ការ​ឱ្យបាន​ច្រើន​ថែមទៀត ជាពិសេស​នៅតាម​បណ្តា​រាជធានី​/​ខេត្ត ដែល​មិនទាន់មាន​៕

ព័ត៌មានផ្សេងទៀត