លោក​ត្រាំ​ថា​មិន​ទៅ​ព្យុងយ៉ាង​ពេលនេះ​ទេ តែ​នឹង​ទៅ​នៅវេលា​សមស្រប​ណាមួយ​

17-09-2019 10:08 am 172
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកគីម ជុងអ៊ុនពេលជួបគ្នានៅព្រំដែនកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកាលពីពេលកន្លងទៅ

​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​និយាយថា ពេលនេះ​មិនមែនជា​ពេលវេលា​ត្រឹមត្រូវ សម្រាប់​ការបំពេញ​ទស្សនកិច្ច ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​នោះទេ​។ ប៉ុន្តែ​លោក​នឹង​ទៅ​នៅ​ពេលវេលា​សមស្រប​ណាមួយ នា​ថ្ងៃ​អនាគត ដោយ​អាស្រ័យ​លើ​អ្វីដែល​កើតឡើង​។ អាស្រ័យទៅលើ​អ្វីដែល​កើតឡើង ទំនង​លោក​ត្រាំ​ចង់​សំដៅ​ទៅលើ ការចរចា​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​កំពុង​ជាប់គាំង​។ បន្ថែម​លើ​នេះ លោក​ត្រាំ ក៏​សង្ឃឹមដែ​រថា លោក​គីម ជុង​អ៊ុន​នឹង​ពេញចិត្ត នៅក្នុង​ការបំពេញ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក​វិញ​ដូចគ្នា​។ លោក​ត្រាំ​នៅតែ​សរសើរ​ពី​ទំនាក់ទំនង​ជាមួយ​លោក​គីម ថា​ពិតជា​ល្អប្រសើរ​។ 

​គួរ​ជម្រាបជូន​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ខែសីហា​បាន​សរសេរ​លិខិត អញ្ជើញ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ឲ្យធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុ​ង​ព្យុងយ៉ាង​។​ នេះ​ជា​លិខិត​ទី​ពី​រហើយ ដែល​លោក​ត្រាំ​ទទួលបាន​ពី​លោក​គីម​ក្នុង​ខែ​សីហា ហើយ​បាន​ផ្ញើ​ទៅ​ចន្លោះពេល​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ជាប់គាំង​លើ​កិច្ចពិភាក្សា​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​។ ក្នុង​លិខិត​លោក​គីម​បានបង្ហាញ​ពី​គោលបំណង​របស់លោក ចង់​ជួប​លោក​ត្រាំ​ក្នុង​កិច្ចប្រជុំ​ម្ដងទៀត​៕

ព័ត៌មានផ្សេងទៀត