កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​លុបបំបាត់​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​

16-09-2019 7:39 pm 98
  ស្តាប់
@PPP
ស្តាប់ជាសំឡេង

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៦ កញ្ញា បាន​លើកឡើង​ថា កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ទាំងស្រុង​នូវ​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន...

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​បាន​លើកឡើង​ថា កម្ពុជា​នឹង​បន្ត​គាំទ្រ​និង​អនុវត្ត​វិសោធនកម្ម ទីក្រុង​គី​ហ្កាលី នៃ​ពិធីសារ​ម៉ុងរ៉េអាល់ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្នុង​ក្តី​សង្ឃឹម​ថា អាច​កាត់បន្ថយ​ការ​កើន​កម្តៅ​ភពផែនដី​បាន​រហូត​ដល់​០,៥​អង្សា​សេ នៅ​ចុង​សតវត្សរ៍​នេះ តាមរយៈ​ការត្រួតពិនិត្យ និង​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ហាយ​ដ្រូ​ភ្លុ​យអរ៉ូ​កាបូ​ន ។​

​ថ្លែង​ក្នុង​ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា ២០១៩ លោក សាយ សំ​អាល់ បាន​បន្តថា កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​រាល់​កាតព្វកិច្ច​របស់​ខ្លួន សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ និង​ការលុបបំបាត់​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និង​សារធាតុ​ដែល​មាន​សក្តានុពល​នៃ​ការ​កើន​កម្តៅ​ខ្ពស់ ។​

​លោក​រដ្ឋមន្ត្រី​បន្តថា តាមរយៈ​ការចូលរួម​របស់​សហ​គម​ន៍​អន្តរជាតិ ស្រទាប់​អូហ្សូន​អាច​នឹង​វិលត្រឡប់​មករក​ស្ថានភាព​ដើម​វិញ នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២១​នេះ ។ ជាក់ស្តែង ចាប់ពី​ឆ្នាំ​២០០០​មក ស្រទាប់​អូហ្សូន​ត្រូវបាន​ភ្ជិត​ចន្លោះ​ពី​១-៣%​ក្នុង​មួយ​ឆ្នាំ ដែល​ការ​ភ្ជិត​ទាំងស្រុង​នឹង​កើតមានឡើង​នៅ​ឆ្នាំ​២០៣០ នៅ​ប៉ូល​ខាងជើង និង​២០៥០ នៅ​ប៉ូល​ខាងត្បូង ។​

​បើ​តាម​លោក​រដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងនាម​រដ្ឋ​ភាគី រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ការប្រើប្រាស់​សារធាតុ ក្លរ៉ូភ្លុ​យអរ៉ូ​កាបូន ទាំងស្រុង​ក្នុង​ឆ្នាំ​២០១០ ហើយ​កម្ពុជា​ក៏​កំពុង​បន្ត​អនុវត្ត​ផែនការ​គ្រប់គ្រង​សារធាតុ ហាយ​ដ្រូ​ក្លរ៉ូភ្លុ​យអរ៉ូ​កាបូន ស្រប​តាម​កាតព្វកិច្ចរ​បស់​ពិធីសារ​ម៉ុងរ៉េអាល់ ៕

ព័ត៌មានផ្សេងទៀត