លោក​ថោង ខុន​៖​យើង​មិន​ទុក​ឲ្យ​នរណា​នៅក្រៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ទេ​

16-09-2019 4:05 pm 80
  ស្តាប់
ស្តាប់ជាសំឡេង

​យើង​មិន​ទុក​ឱ្យ​នរណា​ម្នាក់ ស្ថិតនៅ​ក្រៅ​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​នោះទេ ដោយ​ត្រូវ​ចូល​មក​ទាំងអស់​គ្នា នៅក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​នេះ​ជា​ការលើកឡើង​របស់​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួម​ទាំង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងឱកាស​ដែល លោក​អញ្ជើញ​បិទ​វេទិកា​ជាតិ​លើក​ទី​១ ស្តីពី​ការផ្សព្វផ្សាយ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ កាលពី​ពេល​ថ្មីៗ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ​។​

នៅក្នុង​ឱកាស​នោះ​ដែរ លោក​ថោង ខុន ក៏បាន​លើកឡើង​បន្ថែមថា យើង​ត្រូវការ ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ​២០២៣​។​លោក​បន្តថា គោលដៅ​នៃ​ឆន្ទៈ​ក្នុង​ការចូលរួម​នៅ​ក្នុង​ចលនា​សង្គម​នេះ គឺ​ដើម្បី​ទ្រទ្រង់​ទៅដល់​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​អ្វី​ដែល​សំខាន់បំផុត គឺ​ការអប់រំ ការចូលរួម​គ្រប់​សមា​សភាព​ពាក់ព័ន្ធ​ទាំងអស់ ពី​ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​ក្មេង​-​ចាស់ ដោយ​ត្រូវតែ​ចូលរួម​អបអរសាទរ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​។​

​ទន្ទឹម​នឹង​ការអំពាវនាវ​ខាងលើ លោក​ក៏​បាន​សំណូមពរ​ឱ្យ​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា គួរតែ​មាន​សារ​ខ្លីៗ ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គប្បី​ត្រូវតែមាន ហើយ​ស្នើ​ឱ្យ​និយាយ​ពីសារ​ខ្លីៗ ស្តីពី​ការរៀបចំ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​នេះ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ទាំងនេះ ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

លោក​ថោង ខុន ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​កីឡា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ឱកាស​ដ៏​កម្រ​មួយ​ក្នុង​ការសម្ដែង និង​បង្ហាញ​អត្តសញ្ញាណ នៃ​វប្បធម៌ ដ៏​រុងរឿង​ដ៏​សម្បូរបែប និង​វ័យ​ចំណាស់​របស់​បុព្វបុរស​ខ្មែរ​រាប់​ពាន់​ឆ្នាំ​ដល់​ពិភពលោក​ទាំងមូល​៕

 

ព័ត៌មានផ្សេងទៀត