អាជីវកម្ម​​និង​ស្ថានីយ​​រ​ថភ្លើង​​នៅ​ហុងកុង​​បើក​ឡើងវិញ​​ក្រោយ​ផ្ទុះ​​ភាពចលាចល​

16-09-2019 2:45 pm 182

​អាជីវកម្ម​និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ហុងកុង បានចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ហើយ​នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ បន្ទាប់ពី​មាន​ភាពវឹកវរ​កាលពី​ថ្ងៃអាទិត្យ ដោយ​ប៉ូលិស​បាន​បាញ់កាំភ្លើង​គ្រាប់​ជ័រ ឧស្ម័ន​បង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក ទៅលើ​ក្រុមបាតុករ​ដែល​នាំគ្នា​ប្រមូលផ្ដុំ​នៅលើ​ដងផ្លូវ និង​បាន​គប់​គ្រាប់បែក​សាំង​នៅ​ខាងក្រៅ​ទីស្នាក់ការ​រដ្ឋាភិបាល​។ ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់ពាន់នាក់ បាន​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប៉ូលិស ដែល​ធ្វើឲ្យ​ស្ថានការណ៍​ធ្លាក់​ក្នុង​ភាពវឹកវរ​ម្ដងទៀត​កាលពី​ថ្ងៃអាទិត្យ​។​

​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​កងកម្លាំង​រក្សា​សន្ដិសុខ​ចេញ​អន្ដរាគមន៍​ភ្លាមៗ គឺ​បាន​ពន្លត់ភ្លើង​នៅតាម​ដងផ្លូវ​ក្រោយពេល​ក្រុមបាតុករ​ដុត នឹង​បាន​បាញ់​ទឹក បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក រួមទាំង​កាំភ្លើង​គ្រាប់​ជ័រ ដើម្បី​បំបែក​ក្រុមបាតុករ​។ ប៉ូលិស​បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ព្រឹក​ថ្ងៃទី​១៦​កញ្ញា​នេះ ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អ្វីដែល​បាន​កើតឡើង​។ សេចក្ដីថ្លែងការណ៍​បញ្ជា​ក់ថា មាន​ក្រុមបាតុករ​ប្រមាណ​២០​នាក់​បាន​វាយប្រហារ​ទៅលើ​ប៉ូលិស​ពីរ​នាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ និង​មាន​គំរាមកំហែង​ដល់​សុវត្ថិភាព​មន្ដ្រីប៉ូលិស​ផងដែរ​។​

​អំពើហិង្សា​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កញ្ញា បាន​បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​១៨​នាក់​រងរបួស នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​ពេទ្យ​។ បើ​គិតពី​អ្នករបួស​តាំងពី​មាន​ចលាចល​កើតឡើង​ក្នុង​ខែមិថុនា មាន​រាប់សិប​នាក់​មកហើយ ខណៈ​អ្នក​ត្រូវ​ចាប់ខ្លួន​មាន​ប្រមាណ​ជិត​១,៤០០​នាក់ ប៉ុន្ដែ​ប៉ូលិស​មិន​បានបង្ហាញ​តួលេខ​ថ្មី​ជុំវិញ​ការចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន​ទេ​។ 

​ការប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន ពី​សំណាក់​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង បានធ្វើឲ្យ​សេដ្ឋកិច្ច​នៅក្នុង​ក្រុង​ប្រឈម​នឹង​វិបត្ដិ​ជា​លើកដំបូង​ក្នុង​រយៈពេល​មួយ​ទសវត្ស​។ ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅ​ហុងកុង​បាន​ធ្លាក់ចុះ​៤០​ភាគរយ​ក្នុង​ខែ​សីហា ចំពេល​មាន​ការរំខាន​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​។ ព្រឹត្ដិការណ៍​ពាណិជ្ជកម្ម​ធំៗ​ជាច្រើន​ទៀត​ត្រូវ​លុបចោល ហើយ​ផ្លាស់ប្ដូរ​ទៅធ្វើ​នៅ​ប្រទេស​ផ្សេង​ដោយ​បារម្ភ​ពី​សុវត្ថិភាព​។ 

​ប៉ុន្ដែ​បន្ទាប់ពី​មាន​ការរៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ អាជ្ញាធរ​បានប្រកាសថា​ទីតាំង​ប្រកប​អាជីវកម្ម​និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី បាន​ដំណើរការ​ដូច​ធម្មតា​វិញ​ហើយ​។ កត្ដា​នេះ​បាន​ជួយ​សម្រួល​ដល់​ការប្រកប​អាជីវកម្ម​របស់​ប្រជាជន និង​បណ្ដា​ក្រុមហ៊ុន​នានា ព្រមទាំង​បាន​បន្ដ​សេវា​ដឹកជញ្ជូន​សាធារណៈ​ឡើងវិញ កាត់បន្ថយ​ការកកស្ទះ​ការធ្វើដំណើរ និង​ការខកខាន​ការងារ​ផ្សេងៗ​របស់​ប្រជាជន​។ ភាគច្រើន​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមបាតុករ រៀបចំឡើង​តែ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ក៏​មិន​ចង់ឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងា​រដែរ​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត