លោក​គីម ជុង​អ៊ុន​​អញ្ជើញ​លោក​ដូណាល់ ត្រាំ​​ធ្វើ​ទស្សនកិច្ច​​ទៅ​កូរ៉េខាងជើង​

16-09-2019 1:13 pm 179

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ឲ្យធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុ​ង​ព្យុងយ៉ាង​។ ការអញ្ជើញ​ធ្វើឡើង​នៅក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​លោក​ត្រាំ​កាលពី​ខែ​សីហា នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៦​កញ្ញា ដោយ​ដកស្រង់​ប្រភពពី​មន្ដ្រីការទូត​។ លិខិត​នោះ​លោក​ត្រាំ​បានទទួល​កាលពី​សប្ដាហ៍​ទី​បី​ក្នុង​ខែសីហា​។​

​នេះ​ជា​លិខិត​ទី​ពីរ​ដែល​លោក​ត្រាំ​ទទួលបាន​ពី​លោក​គីម​ក្នុ​ខែ​សីហា ហើយ​បាន​ផ្ញើ​ទៅ​ចន្លោះពេល​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ជាប់គាំង​លើ​កិច្ចពិភាក្សា​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​។ ក្នុង​លិខិត​លោក​គីម​បានបង្ហាញ​ពី​គោលបំណង​របស់លោក ចង់​ជួប​លោក​ត្រាំ​ក្នុង​កិច្ចប្រជុំ​ម្ដងទៀត​។ យ៉ាងណាមិញ​ក្រសួងការបរទេស​អាមេរិក និង​មន្ដ្រី​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ មិនមាន​ការឆ្លើយតប​អ្វី​ទេ​ចំពោះ​សំណើ​នេះ​។​

​បើ​គិតពី​ជំនួប​រវាង​លោក​ត្រាំ​ជាមួយ​លោក​គីម​បាន​ធ្វើឡើង​បី​ដង​ហើយ​។ លើកទីមួយ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​សិង្ហ​បុរី លើក​ទី​ពីរ​នៅ​ថ្ងៃទី​២៧-២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម និង​លើក​ទី​បី​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​តំបន់​ព្រំដែន​កូរ៉េ​។ ជំនួប​ទាំងបី​លើក​មានតែ​ជំនួប​លើកទីមួយ​ប៉ុណ្ណោះ​ដែល​ជោគជ័យ ក្រៅពីនេះ​គ្មាន​ទទួលលទ្ធផល​អ្វី​ទាំងអស់​។ 

​ចំពោះ​លោក​ត្រាំ​ក៏​ធ្លាប់​ប្រកាស​ចង់​ជួប​លោក​គីម​ម្ដងទៀត​ដែរ ដើម្បី​ជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ឲ្យ​ដើរ​ទៅមុខ ព្រោះ​លោក​ត្រាំ​នៅតែ​ជឿជាក់​លើ​លោក​គីម​។ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​កន្លងមក លោក​ត្រាំ​មិន​ចាត់ទុកជា​រឿង​ធំ​ទេ ហើយ​លោក​នៅតែមាន​ទំនាក់ទំនង​ល្អ​ជានិច្ច​ជាមួយ​លោក​គីម​។ លោក​ថា​លោក​គីម​នៅតែ​ចង់បាន​ការចរចា​ដោយ​សន្ដិភាព ដើម្បី​បញ្ចប់​ភាព​តានតឹង​ជាមួយគ្នា​៕

ព័ត៌មានផ្សេងទៀត