លោក​ថោង ខុន អំពាវនាវ​ដល់​គ្រប់​វត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​ម្ហូបអាហារ​

15-09-2019 2:28 pm 114

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត ប្រជា​ពុទ្ធបរិស័ទ​នៅ​ទូទាំង​ប្រទេស ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ការថែរក្សា​ភាព​ស្អាត អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ និង​ចង្ហាន់​ជាដើម​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ តាំងពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​តទៅ​។​លោក​ថោង ខុន បានលើកឡើង​ដូចនេះ ក្នុងឱកាស​ដែល​លោក អញ្ជើញ​រាប់បាត្រ​ដាក់​បិណ្ឌ​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​១ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នៅ​វត្ត​ស្វាយ​ជី​អោក ស្ថិតនៅ​ភូមិ​ស្វាយ​ជី​អោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​ទេសចរណ៍ ថ្នាក់ដឹកនាំ​មូលដ្ឋាន​ក្នុង​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​ផងដែរ​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នា ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ពិសេស​ត្រូវ​ធ្វើដំណើរ​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន ហើយ​លោក​ក៏​បាន​លើកទឹកចិត្ត ឲ្យ​ប្រជាកសិករ​បង្កបង្កើន​ស្រូវ ផលដំណាំ​ឱ្យបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ការហូបចុក និង​ជំរុញ​ការនាំ​ចេញ​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​។​

​ស្របពេល​ជាមួយ​គ្នា​នោះដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ត្រៀមកម្លាំង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ដោយ​ប្រការ​ណាមួយ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត