ក្រុម​ស្និទ្ធ​​លោក​កឹម សុខា ​បញ្ជាក់​ជាថ្មី​ថា​ កឹម សុខា​ មិន​ទទួលស្គាល់​​សម រង្ស៊ី ​​ជា​ប្រធានស្តីទី​​ទេ​​

15-09-2019 1:12 pm 2672

​តាមរយៈ​លោក​មុត ចន្ថា និង​ក្រុមមន្ត្រី​ស្និទ្ធ​នឹង​លោក​កឹម សុខា ឯទៀត មានដូចជា​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​សួន សូ​រី​ដា និង​សហ​មេធាវី លោក​កឹម សុខា បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ អមដោយ សេចក្តីថ្លែងការណ៍ ថ្មី​មួយ​នៅ​ថ្ងៃទី​១៥ កញ្ញា​នេះ ដោយ​បញ្ជាក់​ឡើងវិញ ថា លោក​កឹម សុខា នៅតែ​រក្សា​ជំហរ​ដដែល គឺ​មិន​ទទួល​ដឹងឮ នូវ​ការរៀបចំ និង​ការសម្រេច​ណាមួយ នៃ​សន្និសីទ​នៅ​ថ្ងៃទី​១-២ ធ្នូ ឆ្នាំ​២០១៨» នោះឡើយ ដែល​សន្និសីទ​នៅ​ថ្ងៃទី​១-២ ធ្នូ ឆ្នាំ​២០១៨ នោះ បាន​ទទួលស្គាល់​លោក​សម រង្ស៊ី ជា​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​។​

​បើតាម​លោក​សួន សូ​រី​ដា អតីត​អ្នកតំណាងរាស្ត្រ មណ្ឌល​កំពុងស្ពឺ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា ការ​បង្ហោះ សេចក្តីថ្លែងការណ៍​នេះ​ឡើងវិញ ក្នុង​បំណង​ឆ្លើយតប និង​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​បក្ស​មួយចំនួន ដែលមាន​ចេតនា​ភ្ជាប់ លោក​កឹម សុខា ទៅនឹង​ការរៀបចំ និង​ការសម្រេច​ណាមួយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​អ្វីដែល​គេ​ហៅថា​សន្និសីទ​ពិភពលោក នៅ​ថ្ងៃ​១-២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក៏ដូចជា​សេចក្តីសម្រេច និង​សកម្មភាព​ណាមួយ​ដែល​សម្រេច ដោយ​អង្គការ​ចាត់តាំង​ដែល​កើតចេញពី​សន្និសីទ​នេះ​។​

​ចំណែក លោក​មុត ចន្ថា អ្នក​ជំនិត​នឹង​លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៥ កញ្ញា នេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​Facebook​ផ្ទាល់ខ្លួន​ថា សហ​មេធាវី​ការពារ​ក្តី​របស់ លោក​កឹម សុខា បាន​បង្ហោះ សេចក្តីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៨ ឡើងវិញ ដោយ​បញ្ជាក់ថា លោក​កឹម សុខា នៅតែ​រក្សា​ជំហរ ដដែល គឺ​គាត់​មិន​ទទួល​ដឹងឮ នូវ​ការរៀបចំ និង​ការសម្រេច​ណាមួយ នៃ​សន្និសីទ​នៅ​ថ្ងៃទី​១-២ ទេ​។​

​ដោយឡែក លោក​អ៊ូ ច័ន្ទ​រ័ត្ន ដ្បិត​មិន​បានបញ្ជាក់​ពី​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​នេះ​ក្តី ប៉ុន្តែ​លោក​បាន​ផ្សព្វផ្សាយ​លិខិត​នេះ ដោយ​ភ្ជាប់​ជាមួយ​រូបថត លោក​កឹម សុខា អមដោយ​សំណេរ ប៉ុន្មាន​បន្ទាត់​ថា​«​ខ្ញុំ​កំពុង​មើលឃើញ​ចរន្ត​ពីរ​កំពុងតែ​រត់​ញែក​ពីគ្នា​រវាង អ្នក​ហិង្សានិយម និង​អ្នក​ប្រកាន់​ជំហរ​អហិង្សា​តាម​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ចំណោម​ទាំង​អ្នកដឹកនាំ និង​អ្នកគាំទ្រ គណបក្សប្រឆាំង​»​។ លោក​និយាយទៀតថា​«​ខ្ញុំ​ស្គាល់​ច្បាស់ និង​មាន​ភាពស្និទ្ធស្នាល​ជាមួយ លោក​ប្រធាន​កឹម សុខា គួរសម​ដែរ ទាំង​គ្រួសារ ទាំង​ការងារ​នយោបាយ ប្រទេសជាតិ ព្រោះ​បានធ្វើការ​ជាមួយ​គាត់​ជាង​២០​ឆ្នាំ ហើយ​ជាង​២០​ឆ្នាំ​កន្លងមកនេះ លោក​បានទទួល​រង្គ្រោះ​ច្រើនណាស់ ដោយសារតែ​ភាព​ទៀងត្រង់ និង​ភាពស្មោះត្រង់​របស់លោក​។ 

​លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​សរសើរ លោក​កឹម សុខា ថា ជា​អ្នក​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​អហិង្សា ទោះបី​ចង់ឲ្យមាន​ការផ្លាស់ប្តូ​រក៏ដោ​យគឺ​តាម​មធ្យោបាយ​ដោយ​សន្តិវិធី តាមរយៈ​ការបោះឆ្នោត និង​ថា លោក​កឹម សុខា មិន​ជ្រើសរើស​យក​ការ​ប្រឈម​ដែល​នាំឲ្យមាន​គ្រោះថ្នាក់​ដល់​អ្នកគាំទ្រ ដល់​ប្រជាពលរដ្ឋ ដល់​ប្រទេសជាតិ​ឡើយ​។​មិនមាន​គំនុំសងសឹក មិន​បង្កជម្លោះ មិន​មួលបង្កាច់​......​៘​

​ជា​ការកត់សម្គាល់ ការណ៍​នេះ ធ្វើឡើង​ស្រប​ពេលដែល​លោក​សម រង្ស៊ី កំពុង​រួម​រិត ដោយ​លិខិត​ថ្កោលទោស ពី​ក្រសួង​ស្ថាប័ន របស់​រដ្ឋាភិបាល​នៃ​បក្ស​កាន់អំណាច និង​ការចោទប្រកាន់​ពី​តុលាការ​កម្ពុជា ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ ក្រោយពី​លោក​សម រង្ស៊ី និយាយថា ព្រះមហាក្សត្រ ជា​អាយ៉ង របស់លោក​ហ៊ុន សែន​៕

ព័ត៌មានផ្សេងទៀត