អាមេរិក​​ប្រតិកម្ម​យ៉ាងខ្លាំង​​ជុំវិញ​ការ​វាយប្រហា​រ​លើ​ទីតាំង​ប្រេង​​អា​រ៉ាប៊ីសាអូឌីត​

15-09-2019 1:08 pm 392

​ការវាយប្រហារ​លើ​ទីតាំង​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត ដែល​ក្រុម​ឧទ្ទាម​ហូ​ធី​នៅ​យេមែន​អះអាងថា​ពួកគេ​ជា​អ្នក​ប្រើ​យន្ដហោះ​គ្មាន​មនុស្ស​បើ​កឲ្យធ្វើសកម្មភាព​នោះ បានធ្វើឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​បន្ទោស​លើ​ប្រទេស​អ៊ីរ៉ង់​ផងដែរ​។ ក្រុម​ឧទ្ទាម​ហូ​ធី​នៅ​យេមែន​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់ ហើយ​ក្រុម​នេះ​កំពុង​ប្រឆាំង​រដ្ឋាភិបាល​យេមែន ដើម្បី​ចង់​ដណ្ដើម​ក្ដោប​ក្ដាប់​ប្រទេស​។ ក្រុម​ហូ​ធី​ក៏​រង​ការវាយប្រហារ​តាម​ជើង​អាកាស​ពី​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​ផងដែរ​។​

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បាន​បន្ទោស​អ៊ីរ៉ង់​ថា​នេះ​គឺជា​ការវាយប្រហារ​ដែល​មិន​ធ្លាប់មាន​ពីមុន លើ​ទីតាំង​ផ្គត់ផ្គង់​ប្រេង​ដ៏​សំខាន់​របស់​ពិភពលោក​។ ចំណែក​សមាជិកសភា​អាមេរិក​លោក​លីន​ស៊ី ហ្គ្រា​ហាម បានចាត់ទុក​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត គឺជា​ការ​បង្កហេតុ​ដ៏​ធំ​បំផុត​មួយ ហើយ​ស្នើឲ្យ​បើ​កការវាយប្រហារ​ប្រឆាំ​ង​អ៊ីរ៉ង់​វិញ​។ លោក​និយាយថា​សាធារណរដ្ឋ​អ៊ីស្លាម​មិនគួរ​បញ្ឈប់​ឡើយ រហូតដល់​មានការ​សងសឹក​ឲ្យ​សមនឹង​ទង្វើ​ដែល​បានធ្វើ​។​

​ចំពោះ​ទីក្រុង​រី​យ៉ាដ​របស់​អារ៉ាប៊ីសាអូឌីត បានប្រកាសថា​ការវាយប្រហារ​ដោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក​នេះ ជា​សកម្មភាព​ភេរវកម្ម ប៉ុន្ដែ​មិនបាន​ប្រាប់​ឈ្មោះ​ជន​ប្រព្រឹត្ដ​ភ្លាមៗ​ទេ​។ ដោយឡែក​ក្រុម​ឧទ្ទាម​ហូ​ធី​បាន​ចេញមុខ​ទទួលខុសត្រូវ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ខណៈ​ទីតាំង​ចម្រាញ់​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​កំពុងឆាប​ឆេះ​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទូរស័ព្ទ​ទៅ​ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​រួចហើយ ដោយ​ប្រកាស​នឹង​ផ្ដល់ជំនួយ​ដើម្បី​ធានា​សន្ដិសុខ​។ លោក​ត្រាំ​បន្ថែមថា​ការវាយប្រហា​រលើ​ទីតាំង​ប្រេង​អា​រ៉ាប៊ីសាអូឌីត នឹង​បង្ក​ជា​មហន្ដរាយ​ដល់​សេដ្ឋកិច្ច​អាមេរិក​និង​សេដ្ឋកិច្ចពិភពលោក​។​

​ប៉ុន្ដែ​យ៉ាងណាមិញ​ទីភ្នាក់ងារ​ថាមពល​អន្ដ​រ​ជាតិ​បាន​និយាយថា ការវាយប្រហារ​នេះ​ទំនង​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ទីផ្សារ​ប្រេង​ពិភពលោក​ទេ ព្រោះ​មានការ​ផ្គង់​ផ្គង់​យ៉ាងច្រើន​រួចហើយ រីឯ​ប្រេង​ដែល​បាន​ស្ដុក​ទុក​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ក៏មាន​ច្រើន​។ ពេលនេះ​ក្រុម​ជំនាញ​កំពុងតែ​ត្រួតពិនិត្យ​បន្ថែម ដោយបាន​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អា​រ៉ាប៊ីសាអូឌីត ក៏ដូចជា​ពិនិត្យ​ប្រទេស​ផលិត​ប្រេង និង​ប្រទេស​ជា​អ្នកប្រើប្រាស់​ធំៗ​។ 

​សេចក្ដីថ្លែងការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្ដរជាតិ ចេញ​ស្របពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​ថា ការវាយប្រហារ​បាន​បង្ខំ​ឲ្យ​ទីក្រុង​រី​យ៉ាដ កាត់បន្ថយ​ផលិតកម្ម​ប្រេង​ចំនួន​៥​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ស្មើនឹង​ប្រហែល​ពាក់កណ្ដាល​នៃ​ទិន្នផល​ប្រេង​សរុប​របស់ខ្លួន និង​ប្រហែល​៥​ភាគរយ​នៃ​ការ​ផ្គង់​ផ្គង់​ប្រេង​លើ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត