កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ៥៩​កន្លែង​សង្ស័យ​មាន​ការលក់ដូ​រគ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​

15-09-2019 12:04 pm 194
  ស្តាប់
ស្តាប់ជាសំឡេង

​រហូតមកដល់​ពេលនេះ ក្រសួង​បរិស្ថាន​បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​បាន​ចំនួន​៥៩​កន្លែង ហើយ ដែល​ក្នុងនោះ​រួមមាន​៖​រាជធានី​ភ្នំពេញ​ចំនួន ២៧​កន្លែង ខេត្ត​សៀមរាប​ចំនួន​៣០​កន្លែង និង​ខេត្ត​ព្រះសីហនុ​ចំនួន ២​កន្លែង ដែល​សង្ស័យ​ថា​អាច​មាន​ការលក់ដូ​រគ្រឿង ចម្លាក់ ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ និង​តម្រូវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ខុស​ទៅនឹង​ច្បាប់​ព្រៃឈើ ព្រម​ទាំង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ផងដែរ​។​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​បរិស្ថាន​។​

​ជា​ការកត់សម្គាល់​ការ​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពី​ការជួញដូរ​សត្វព្រៃ​ខុស​ច្បាប់​របស់​ក្រសួង​បរិស្ថាន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការចុះ​អង្កេត​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់​របស់​កម្លាំង​មាន​សមត្ថកិច្ច​នាពេល​ថ្មីៗ​នេះ ដែល​បង្ហាញ​ថា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស​ដែល​ច្បាប់​ហាមឃាត់​។ 

​បើ​តាម​លោក​នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា​បានបញ្ជាក់​ថា ការ​ចេញ​លិខិត​ជូនដំណឹង​នេះ​ ដើម្បី​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ និង​ការពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ដើម្បី​លុបបំបាត់​ការជួញដូរ​សត្វព្រៃ​គ្រប់​រូបភាព​ទាំងអស់​ទាំង​កន្លែង​កែច្នៃ និង​កន្លែង​លក់​។​

​លោក​នេត ភក្ត្រា​បាន​បញ្ជាក់បន្ថែម​ថា ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​មាន​លាក់ទុក ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ សូម​ប្រញាប់​ប្រគល់ជូន​ដល់​សមត្ថកិច្ច ហើយ​ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​និង​ចាប់បាន នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាម​ច្បាប់​ជា​ចាំបាច់​។ លោក​បន្ដថា ការលក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ គឺ​ល្មើស​នឹង​ច្បាប់​ត្រង់​មាត្រា ៩៧ (​ចំណុច​ទី​១០) និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា ៥៩ (​ចំណុច​ទី​៥) ប្រសិនបើ​រក​ឃើញថា​មាន​កំហុស នឹង​ត្រូវ​ប្រឈមមុខ​ក្នុង​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​ថែមទៀត​ផង​។​ជាងនេះទៀត ការកើតមាន​នូវ​សកម្មភាព​ទាំងនេះ​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងនាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ កំពុង​រង​គ្រោះថ្នាក់ ក៏​ដូចជា​ធ្វើឱ្យ​ខូច​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ 

​លោក​បាន​បន្ថែមទៀតថា កម្ពុជា​ក្នុងនាម​ជា​សមាជិក អង្គការសហប្រជាជាតិ​គឺ​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការសហការ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ ប្រទេស​ទាំងអស់ ក្នុង​ការអភិរក្ស​ធន​ធាន​ធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ សត្វព្រៃ​ខុស​ច្បាប់​។​កម្ពុជា​បាន និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង ការប្រយុទ្ធប្រឆាំង​នឹង​ការ ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ហើយ​កម្ពុជា​ក៏​បាន​សហការ​ក្នុង​នាម ជា​ដៃគូ​អន្តរជាតិ​នានា​ក្នុងការ ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុស​ច្បាប់​ដែរ​នៅលើ​ពិភពលោក​។​មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការ ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ និង​លើកឡើង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការងារ​រួមគ្នា​ដើម្បី​លុប បំបាត់​ការជួញដូរ​ខុសច្បាប់​នេះ​ហើយ កម្ពុជា​ក៏​បាន​រៀបចំ​យន្តការ ក៏​ដូចជា​មាន​ច្បាប់ និង​អនុវត្តន៍​ជា​ប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូ​ច​សត្វព្រៃ ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទ​ល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន​ពី​ក្រញាំដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ក៏​ដូច​ជា​ការ​ផាក​ពិន័យ​ជា​ប្រាក់​ជាដើម​។​

​សូមបញ្ជាក់​ថា កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ឃាត់​ភ្លុក​ដំរី កុយ​រមាស និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស​ដែល​លួច​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​លួច​នាំ​ចេញ​ទៅ ក្រៅប្រទេស​ជា​ច្រើន​ករណី​។​យោង​តាម​តួលេខ​ដែល​ទទួលបាន ចាប់ពី​ឆ្នាំ​២០១៦ រហូតមក ទល់​នឹង​ចុងឆ្នាំ​២០១៨ ភ្លុក​ដំរី និង​កុយរមាស​ជា​ច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ៥ តោន រួម​ទាំង​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេងៗទៀត ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាបបាន​៕

 ពាក្យគន្លឹះ  ក្រសួងបរិស្ថាន

ព័ត៌មានផ្សេងទៀត