ការវាយប្រហារ​ជា​សាកល​ ៖ ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​Hacker​កូរ៉េខាងជើង​៣​ក្រុម​

14-09-2019 11:09 am 330

​រតនាគារ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ ទី​១៣ កញ្ញា បានប្រកាស​ដាក់ទណ្ឌកម្ម លើ​ក្រុម Hacker កូរ៉េខាងជើង​ចំនួន ៣ ក្រុម ដែល​ខ្លួន​បាន​និយាយថា បាន​ចូលរួម​ក្នុង​ការវាយប្រហារ​ដោយ​ប្រើប្រាស់​កម្មវិធី​មេរោគ WannaCry និង​ការ​លួច​យក​គណនី​ធនាគារ​អន្តរជាតិ និង​គណនី​អតិថិជន​។ ​ក្រុមចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ចំនួន​៣​ក្រុម ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ Lazarus, Bluenoroff និង Andariel ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កូរ៉េខាងជើង​។ ទណ្ឌកម្ម គឺ​អាមេរិក​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ និង​ហាមឃាត់​ការទាក់ទង​ជាមួយ​ពួកគេ​។ សេចក្តីថ្លែងការណ៍​របស់​រតនាគារ​ព្រមា​ន​ថា ប្រសិនបើ​ដឹង​ច្បាស់​ថា​មាន​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​ណាមួយ ជួយ​សម្រួល​ដល់​ប្រតិបត្តិការ ឬ​សេវាកម្ម​សំខាន់ៗ​សម្រាប់​ពួកគេ ក៏​អាច​ត្រូវ​ដាក់ទណ្ឌកម្ម​ផងដែរ​។ 

​ក្រុមចោរ​ព័ត៌មានវិទ្យា Lazarus ធ្លាប់បាន​ចូលរួម​នៅក្នុង​ការប្រើប្រាស់​កម្មវិធី​មេរោគ WannaCry វាយប្រហារ ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក រួមមាន សហរដ្ឋអាមេរិក , អូស្ត្រាលី , កាណាដា​, នូវែ​លសេ​ឡង់​និង​ចក្រភព​អង់គ្លេស ហើយ​ត្រូវបាន​គេ​ចង្អុល​ចំឈ្មោះ​កូរ៉េខាងជើង ជា​សាធារណៈ​ថា ជា​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​នេះ នៅ​ខែធ្នូ​ឆ្នាំ ២០១៧​។ កាលនោះ​ក្រុម Hacker បាន​ប្រើ​កម្មវិធី​មេរោគ WannaCry វាយប្រហារ​លើ​កុំព្យូទ័រ​ជាង ៣០០ ០០០​គ្រឿង នៅក្នុង​ប្រទេស​ចំនួន​១៥០ ដែលជា​ការវាយប្រហារ​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ពិភពលោក នា​សម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។​

​នៅ​ឆ្នាំ​២០១៨ ក្រុមចោរ​ព័ត៌មានវិទ្យា នៅក្នុង​អម្បូរ​ជាមួយគ្នានេះ គឺ​ក្រុម​Bluenoroff បាន​ប៉ុនប៉ង​លួច​ប្រាក់​ជាង ១,១ ពាន់​លាន​ដុល្លារ ពី​ស្ថាប័នហិរញ្ញវត្ថុ និង​បានធ្វើ​ប្រតិបត្តិការ​ដោយ​ជោគជ័យ ប្រឆាំងនឹង​ធនាគារ​នៅ​បង់​ក្លា​ដែស​, ឥណ្ឌា​, ម៉ិក​ស៊ិក​, ប៉ា​គី​ស្ថាន ,​ហ្វីលីពីន​,​កូរ៉េខាងត្បូង​,​តៃវ៉ាន់​,​តួ​ក​គី ឈី​លី​និង​វៀតណាម​។ របាយការណ៍​បានឲ្យដឹងថា ក្រុម Bluenoroff ធ្លាប់បាន​សហការ​ជា​មួយក្រុម Lazarus ដើម្បី​លួច​ប្រាក់​ប្រមាណ ៨០ លាន​ដុល្លារ ពី​ធនាគារកណ្តាល​បង់​ក្លា​ដែស​។ ក្រុម​មួយទៀត​ឈ្មោះ Andariel ព្យាយាម​លួច​យក​ព័ត៌មាន កាត​ធនាគារ ដោយ​លួច​ចូលក្នុង​ម៉ាស៊ីនអេ​ធី​អឹម ដើម្បី​ដក​សាច់ប្រាក់ ឬ​លួច​ព័ត៌មាន​អតិថិជន ដើម្បី​លក់​នៅលើ​ទីផ្សារងងឹត​។ ក្រុមចោរ Andariel នេះ ក៏​ទទួលខុសត្រូវ​ផងដែរ ក្នុង​ការអភិវឌ្ឍ​និង​បង្កើត​មេរោគ​ប្លែកៗ ដើម្បី​លួច​ចូលក្នុង​គេហទំព័រ​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណេត​។​

​កាលពី​ដើមខែ​នេះ ប្រទេស​កូរ៉េខាងជើង​បាន​បដិសេធ ការចោទប្រកាន់​របស់​អង្គការសហប្រជាជាតិ​ដែលថា ខ្លួន​បានទទួល​ប្រាក់​ចំនួន ២ ពាន់​លាន​ដុល្លារ តាមរយៈ​ការវាយលុក​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត នៅតាម​ធនាគារ​និង​ការដោះដូរ​លុយ​ឌីជីថល ឬ​រូបិយប័ណ្ណ cryptocurrency​។ ក្រៅពី​បដិសេធ កូរ៉េខាងជើង បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម​មិន​ពិត​នេះ​។​

​រតនាគា​រថា កំពុង​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុម Hacker របស់​កូរ៉េខាងជើង ដែល​បាននិងកំពុង​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ដើម្បី​ទាញយក​ប្រយោជន៍ ក្នុង​បំណង​គាំទ្រ​កម្មវិធី​អាវុធ​និង​មី​ស៊ី​ល​ខុសច្បាប់​។ មន្ត្រី​រតនាគារ អះអាង​ទៀតថា អាមេរិក​នឹង​បន្ត​អនុវត្ត​ការដាក់ទណ្ឌកម្ម​ដែលមាន​ស្រាប់ ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង និង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង នូវ​បណ្តាញ​ហិរញ្ញវត្ថុ តាម​អ៊ីនធឺណិត​៕

ព័ត៌មានផ្សេងទៀត