ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីម្សិលមិញ លោក សាយ ឈុំ បានអះអាងបញ្ជាក់ថា ប្រទេសកម្ពុជា បានចាត់ទុកប្រទេសឡាវ គឺជាមិត្តដ៏ល្អ ហើយប្រទេសទាំងពីរ នឹងបន្តជួយគ្នាទៅវិញទៅមក ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត...
ប្រមុខរដ្ឋស្តីទីនៃប្រទេសកម្ពុជា លោក សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសឡាវ និងបានបញ្ជាក់ថា ចំណងមិត្តភាពនេះ បាននាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។
ក្នុងជំនួបជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៣ កញ្ញា លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកប្រទេសឡាវ ជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណៈសម្បត្តិ បន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលបច្ចុប្បន្ននិងអនាគត ។
លោកបានបង្ហាញនូវជំនឿចិត្តថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជានេះ គឺមានសារៈសំខាន់ណាស់ ទៅដល់ការបន្តខិតខំរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត ។
យ៉ាងណាក៏ដោយ ក្នុងជំនួបនោះ លោក ថងលូន ស៊ីស៊ូលីត បានបង្ហាញជំនឿចិត្តថា ប្រទេសទាំងពីរ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត ។ លោកសង្ឃឹមថា អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕