កម្ពុជា​-​សភាពាណិជ្ជកម្ម​អឺរ៉ុប​ចុះ​MoU​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​

14-09-2019 9:51 am 136
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ កញ្ញា បានសម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ការ​នាំចូល ការផលិត និង​ការ​ចែកចាយ​នូវ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា ...

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក មៀច សុផាន់​ណា បាន​លើកឡើង​ថា ការចុះ​អនុស្សរណៈ​នេះ គឺជា​យន្តការ និង​ការពង្រឹង​ការទទួលខុសត្រូវ​មួយ​បន្ថែមទៀត ក្នុង​កិច្ចការពារ​ជា​ដៃគូ​ក្នុង​វិស័យ​ធុរកិច្ច​ពាណិជ្ជកម្ម​សម្រាប់​ទំនុក​ចិត្ត និង​រំហូរ​អ្នកវិនិយោគ​បរទេស ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក មក​កម្ពុជា ។​

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​រូបនេះ​បន្ត​ថា ការចុះ​អនុស្សរណៈ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​នឹង​ការ​នាំចូល ការផលិត និង​ការ​ចែកចាយ​នូវ​ផលិតផល​ខូច​គុណភាព ផលិតផល​ហួស​កាលបរិច្ឆេទ និង​ផលិតផល​បំពាន​ច្បាប់​ដទៃ​ទៀត​នៅ​កម្ពុជា ។​

​លោក​បន្តថា ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ដើម្បី​ការពារ​អ្នកវិនិយោគ​សុច្ចរិត និង​សហគ្រាស​ទាំងឡាយ ដែល​ប្រកប​មុខរបរ​ស្របច្បាប់ លើកទឹកចិត្ត​ការប្រកួត​ប្រជែង​ដោយ​ភាពត្រឹមត្រូវ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។​

​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ARNAUD Darc បានឱ្យដឹងថា តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ទាំង​ភាគី​ចុះហត្ថលេខា និង​ភាគី​ឯកជន​ទាំងមូល នឹង​ឃើញ​ពាក្យបណ្តឹង​របស់​ពួកគេ​ដែល​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ ត្រូវបាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ៕

ព័ត៌មានផ្សេងទៀត