ប្រវត្តិ​នៃ​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​

14-09-2019 9:21 am 356

​ពាក្យ​ថា «​ភ្ជុំ​បិណ្ឌ​» មកពី​ពាក្យ «​ភ្ជុំ​» រួមគ្នា​ជាមួយ​ពាក្យ «​បិណ្ឌ​» ដែល​មានន័យថា​៖ ភ្ជុំ​គឺ​ការប្រមូលផ្តុំ ឬ​ប្រជុំ​បិណ្ឌ (​មកពី​ភាសាបាលី​) "​ដុំ​បាយ​" ដូ​ចេះ្ន​យើង​អាច​សម្គាល់​ពាក្យ​នេះ តាម​វិធី​ងាយ​បាន​ថា គឺជា «​ការប្រជុំ ឬ​ប្រមូលផ្តុំ​ដុំ​បាយ​» (​ការ​ពូត​ដុំ បាយ​ជា​ដុំៗ​ដែល​យើង​ហៅថា «​បាយ​បិណ្ឌ​»)​។ បើតាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​បាន​បង្ហាញថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺ​កើតមាន​តាំងពី​បុរាណកាល​មកម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យមុន​គេ​មិន​ហៅថា បុណ្យ​ភ្ជុំ​ទេ ដោយ​នៅក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែកចេញជា​ពីរ​ថ្នាក់​។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់​ពីថ្ងៃ ១​រោច រហូតដល់​ថ្ងៃ​១៤​រោច ជា​ថ្ងៃ​កាន់​បិណ្ឌ​។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​រោច ដែល​គេ​ហៅថា​បុណ្យ​ភ្ជុំ​។ ពិធីបុណ្យ​ទាំងពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវបាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា «​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​» នេះឯង​។​

​ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ប្រជាជន​ខ្មែរ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ឧទ្ទិស​កុសល​ជូន  ដល់​មាតា បិតា ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​បុព្វការី​ជន ព្រមទាំង​ពពួក​ប្រេត​ទាំងឡាយ​ដែល​បាន​លាចាក​លោក​ទៅ ឲ្យមក​ទទួល​មគ្គផល​ពីបង​ប្អូន កូនចៅ ដែល​នៅរស់​។ ម្យ៉ាងទៀត​ប្រជាជន​ខ្មែរ​មាន​ជំនឿ​យ៉ាង​មុតមាំ​តាម​បណ្ដាំ​ចាស់ៗ​ដែល​ពោល​ណែនាំ និង​អនុវត្ត​ជា​រៀងរាល់ឆ្នាំ​តៗ​គ្នា​មក ថា​សាច់ញាត្តិ​ដែលបាន​ចែកឋាន​ទៅហើ​យ មាន​មាតាបិតា ជីដូន​ជីតា បងប្អូន​កូនចៅ ញាតិ​កា​ទាំង​៧​សន្ដាន​នោះ ដែល​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទទួលទោស​នៅ​ឋាននរក​កើតជា​ប្រេត កើតជា​អបាយភូមិ​យ៉ាង​វេទនា​។ លុះដល់​រដូវ​បុណ្យ​គេ​ដោះលែង​ឲ្យមក ទទួល​ផល្លានិសង្ឃ​ដែល​សាច់សាលោហិត​ធ្វើបុណ្យឧ​ទ្ទិស​ឲ្យ​។​

​ប្រជាជន​ខ្មែរ​ជឿថា​ព្រលឹង​របស់​អ្នក​ទាំងនោះ​នឹង​មកដល់​វត្ត​អារាម​ហើយ ទទួល​ការផ្ដល់ជូន​ពី​សាច់ញាតិ ឬ​កូនចៅ​របស់​ពួកគេ​តាមរយៈ​ការ​អធិដ្ឋាន​ដោយ​ព្រះសង្ឃ​។ ម្យ៉ាងទៀត​គេ​ខ្លាច​ជីដូន​ជីតា​ដាក់​ប្រទេច​បណ្ដាសារ​ឲ្យគេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ត​ហើយ​នៅ​មិនឃើញ​សាច់ញាត្តិ​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ មួយវិញទៀត​គេ​សង្ឃឹមថា​កុសល ផល​បុណ្យ​ដែល​គេ​បានធ្វើ​នៅ​ជាតិ​នេះ នឹងធ្វើ​ឲ្យគេ​ទទួលបាន​នូវ​សេចក្ដីសុខ សេចក្ដីចំរើន​រហូតដល់​ជាតិ​ក្រោយ​។​

​កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃ​ភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើឲ្យមាន​ការលំបា​កដល់​ព្រះសង្ឃ​ក្នុង​ពេលធ្វើគោចរ​បិណ្ឌ​បាត​។ ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត នៅក្នុង​ពិធីបុណ្យ​នេះ គឺធ្វើឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេត​ជនញាតិ និង​ញាតិ​ទាំង​៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផងដែរ តាមរយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់នោះ បាន​រួច​ផុតពី​ក្ដី​លំបាក​សោកសៅ​៕

ព័ត៌មានផ្សេងទៀត