​ក្រសួងយុត្តិធម៌​​ស្នើ​ព្រះរាជអាជ្ញា​ចាត់វិធានការ​​លោក​សម រង្ស៊ី រឿង​​ប្រមាថ​ព្រះមហាក្សត្រ​​

13-09-2019 4:45 pm 535

​ក្រសួង​យុត្តិធម៌ បាន​ស្មើ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក សម រង្ស៊ី រឿង​ករណី​ប្រមាថ​ព្រះមហាក្សត្រ ខណៈ​ក្រសួងព្រះបរមរាជវាំង ក៏បាន​ចេញ​លិខិត​ថ្កោលទោស​ចំពោះ លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ផងដែរ​។ 

​ក្រសួង​យុត្តិធម៌ តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ បានស្នើ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​។ ក្រសួងយុត្តិធម៌​លើកឡើង​យ៉ាង​ដូច្នេះ​ថា «​ឈ្មោះ សម រង្ស៊ី បានផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នា​យប់​ថ្ងៃទី​១២ ខែ​កញ្ញា ដែលមាន​ខ្លឹមសា​ថា ព្រះ​ហា​ក្សត្រ​របស់​យើង​គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រាជបល្ល័ង្គ​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ ដែលជា​អាយ៉ង​របស់លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​ទេ​បាទ​»​។​

​ក្រសួង​យុត្តិធម៌ ចាត់ទុក​ពាក្យសម្ដី​របស់លោក សម រង្ស៊ី ខាងលើ​ថា បាន​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម ព្រះករុណា​ព្រះមហាក្សត្រ​នៃ​កម្ពុជា ជាទីគោរព​សក្ការៈ ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​កម្ពុជា គោរព​ស្រលាញ់​ស្មើ​ជីវិត ហើយ​ការប្រមាថ​នេះ គឺជា​ទង្វើ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទង្វើ​នេះ​ត្រូវបាន​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែង និង​ផ្ដន្ទាទោស​តាម​បញ្ញត្ត​មាត្រា ៤៣៧​ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រសួង​យុត្តិធម៌ បន្តថា យោងតាម​មាត្រា​២៩​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ សូមឱ្យ​ព្រះរាជអាជ្ញា ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​ដោយ​តឹងរ៉ឹង​បំផុត​ចំពោះ​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

​សូមបញ្ជាក់ថា ក្រសួង​ព្រះបរមរាជវាំង ក៏បាន​ចេញ​សេចក្ដី​ថ្លៃ​ង​ការណ៍​ថ្កោលទោស​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ករណី​ខាង​នេះ​ផងដែរ​៕

 

ព័ត៌មានផ្សេងទៀត