​រដ្ឋមន្ត្រី​កសិកម្ម​​ណែនាំ​មន្ត្រីក្រោមឱវាទ​ចំនួន​៦​ចំណុច​​ពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ​​

13-09-2019 12:12 pm 112

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ចំនួន​៦​ចំណុច ដល់​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រាជធានី​-​ខេត្ត ដើម្បី​ពង្រឹង​ការអនុវត្ត ច្បាប់​ស្តីពី​ព្រៃឈើ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ក្នុង​ស្មារតី​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់ លុបបំបាត់ បង្គ្រាប ស្តារ និង​អភិវឌ្ឍ​ព្រៃ​សហគមន៍ គម្រប​ព្រៃឈើ សត្វព្រៃ និង​ជីវចម្រុះ​។ ការ​ណែ​នា​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី ការពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ ដែល​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិស័យ​ព្រៃឈើ និង​សត្វព្រៃ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​។​

​សេចក្ដីណែនាំ​ចំនួន​៦​ចំណុច ដែល​លោក វេង សាខុន ណែនាំ​ទៅ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រាជធានី​-​ខេត្ត​រួមមាន​៖

១. អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង លេខ​១២២៩ ស​ជណ ចុះ​ថ្ងៃទី ២៣ ខែ​សីហា ឆ្នាំ​២០១៩ និង​សេចក្តីជូនដំណឹង​លេខ ១៣៤៨ ស​ជណ ចុះ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

២. តាមដាន ត្រួតពិនិត្យ វាយតម្លៃ​ប្រកបដោយ​តម្លាភាព លើ​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ម៉ឺងម៉ាត់ កំណត់​ព្រំប្រទល់ អនុវត្តតាម​កិច្ចសន្យា និង​ផែនការមេ​ឲ្យបាន​ច្បាស់លាស់​។​

៣. ត្រូវខិតខំ​បន្ត​ត្រួតពិនិត្យ តាមដាន និង​ពង្រឹង​ការគ្រប់គ្រង​សកម្មភាព​ឧស្សាហកម្ម​ឈើ រោងចក្រ សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ឈើ​ឲ្យបាន​ហ្មត់ចត់ ព្រមទាំង​ចាត់វិធានការ​ទប់ស្កាត់ និង​លុប បំបាត់​ការនាំចេញ​ឈើ និង​ផលិតផល​កែច្នៃ​ឈើ​គ្រប់​ប្រភេទ​ដែល​គ្មាន​ការអនុញ្ញាត ដើម្បី​លុបបំបាត់​សកម្មភាព​ដឹកជញ្ជូន​ខុសច្បាប់ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

៤. បន្ត​ពង្រឹង និង​ពង្រីក​សហគមន៍​ព្រៃឈើ​ទាំង​៦១៤​សហគមន៍ ឲ្យចូល​រួម​គ្រប់គ្រង​ថែរក្សា​ធនធាន​ព្រៃឈើ​។ បណ្តុះ​ផ្នត់គំនិត​បង្កើត​មុខរបរ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បង្កើន​ចំណូល​តាមរយៈ​ប្រព័ន្ធ​ក​សិ​-​រុក្ខ​កម្ម ការ​ចិញ្ចឹមសត្វ កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ​។ ជាពិសេស​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ បណ្តុះបណ្តាល បំពាក់បំប៉ន​ដល់​សហគមន៍​មូលដ្ឋានឲ្យ​យល់ដឹង ពី​ផលប្រយោជន៍​ព្រៃឈើ​។ ធ្វើ​ការតាមដាន ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​គ្រប់គ្រង ព្រៃ​សហគមន៍​ឲ្យបាន​ល្អ ដើម្បី​ធានា​ការចូលរួម​ក្នុង​កិច្ចការពារ និង​អភិរក្ស​។​

៥. បន្ដ​សហការ​ឲ្យបាន​ល្អ ជាមួយ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញា តុលាការ​គ្រប់​ថ្នាក់ និង​អង្គភាព​ពាក់ព័ន្ធ ដើម្បីឲ្យ​ដំណើរការ​អនុវត្ដ​ការងារទទួល​បាន​លទ្ធ​ផល​ល្អ និង​មាន​ប្រសិទ្ធភាព តាម​ស្មារតី នៃ​អនុក្រឹត្យ​លេខ​១៥៦ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ និង​សារាចរ​ណែនាំ​លេខ​០៥ សរ​ណន ចុះ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦​។​

​និង​៦. បន្ដ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ព្រៃឈើ បទប្បញ្ញត្ដិ បទបញ្ជា លិខិតបទដ្ឋាន​គតិយុត្តិ ជាពិសេស​សរាចរ​លេខ ១៣៤៨ ស​ជណ​.​ក​ធ ចុះ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២៣០១៩ ឲ្យបាន​ជ្រួតជ្រាប ដល់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ដ​ទូទាំងប្រទេស​។ ត្រូវ​បន្ត​ប្រើប្រាស់​កម្លាំង​សរុប ចុះ​ស្រាវជ្រាវ រុករក និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការកាប់​រាន ដុត ឈូសឆាយដី​ព្រៃឈើ​យក​ធ្វើ​កម្មសិទ្ធិ​តាម​គ្រប់​រូបភាព ដោយ​ត្រូវ​សហការ​ជាមួយ​គណ​:​កម្មាធិការជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ អង្គភាព​ពាក់ព័ន្ធ អយ្យការ និង​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​។​

​ជា​ការកត់សម្គាល់​ការ​ណែនាំ​នេះ ធ្វើឡើង​ក្រោយពី​មាន​ករណី​បង្ក្រាប​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមួយចំនួន ពី​សំណាក់​គណ​:​កម្មាធិការជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​នៅ​ខេត្ត​មណ្ឌល​គី​រី ដោយ​ចាប់បាន​មន្ត្រី និងឧ​ញ្ញា​មួយចំនួន ដែល​នៅ​ពីក្រោយ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ បញ្ជូនទៅ​តុលាការ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត