ក្រសួង​មហាផ្ទៃ​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​

13-09-2019 11:01 am 82

​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​) ក្រសួងមហាផ្ទៃ បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អង្គការ​ជា​ដៃគូ​ចំនួន​ពីរ លើ​កិច្ច​សហការ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កាលពី​ទី​១២ កញ្ញា ឆ្នាំ​២០១៩​។ 

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​ពីរ​ខាងលើ​រួមមាន ទី​១ ធ្វើឡើង​រវាង គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាមួយ​និង​អង្គការ​សម្ព័ន្ធ​ចាប់ដៃ (CHAB DAI COALITION) ស្តីពី "​ការចូលរួម​សកម្មភាព បង្ការ ទប់ស្កាត់ អំពើ​ជួញដូរ​កុមារ ការកេងប្រវ័ញ្ច​ផ្សេងៗ និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​" ដែល​ដឹកនាំ​ដោយ​លោក រស់ យ៉េង ក្នុង​គោលបំណង បង្កើត​កិច្ច​សហប្រតិបត្តិ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រាល់​ទម្រង់​នៃ​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​។​

ទន្ទឹមនឹងនេះ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ទី​២ ដែល​ធ្វើឡើង​រវាង គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាមួយ​និង​អង្គការ​ដែនដី​មនុស្ស​-​ហូឡង់ដ៏ ប្រចាំ​កម្ពុជា (Terre Des Hommes “Stops Child Explotation”) ស្តីពី "​សកម្មភាព បង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​" ដែល​ដឹកនាំ​ដោយ​លោក Van Der Lee Hendrikus Martinus Cornelis ក្នុង​គោលបំណង ដើម្បី​ចូលរួម​ចំណែក​ការងារ​មនុស្សធម៌​នៅក្នុង កម្ពុជា និង​ដើម្បី​លើកកម្ពស់​សុខមាលភាព​សង្គម តាមរយៈ​ការបង្កើត​ទប់ស្កាត់ នឹង​ឆ្លើយតប​ឲ្យ​កាន់តែ​ល្អ ប្រសើរ​ឡើង​លើ​សិទ្ធិ​កុមារ និង​ប្រាកដថា​កុមារ​ទទួលបាន​នូវ​ការការពារ​។​

​សូមបញ្ជាក់​ថា កាលពីដើម​ខែ​កញ្ញា​នេះ ក្រសួងមហាផ្ទៃ ក៏​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លើ​ផែនការ​សកម្មភាព​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រយៈពេល​៥​ឆ្នាំ សម្រាប់​អនុវត្ត​ការងារ​ឆ្នាំ​២០១៩-២០២៣ ដែល​រួមមាន ៤​ចំណុច​សំខាន់ៗ​មាន​ជាអាទិ៍ ការពង្រឹង​កិច្ចសហប្រតិបត្តិការ ការកសាង និង​អនុវត្ត​ច្បាប់ គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​នានា ការលើកកម្ពស់​ការបង្កា​រ​ទប់ស្កាត់ រាល់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ការពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ឆ្លើយតប​អំពើ​ជួញដូរ​មនុស្ស និង លើកកម្ពស់​កិច្ចការពារ​ជនរងគ្រោះ ជា​ពិសេស​ស្ត្រី និង​កុមារ​៕

ព័ត៌មានផ្សេងទៀត