លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងក្នុងអង្គសន្និសីទអន្តរជាតិ នៅប្រទេសរុស្ស៊ីថា កម្ពុជាបានដំណើរការចុះឈ្មោះអ្នកបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ និងបានប្រើប្រាស់ប្រព័ន្ធកុំព្យទ័រក្នុងការកត់ត្រាការរាប់សន្លឹកឆ្នោត និងបញ្ជូនលទ្ធផលនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យមកមជ្ឈមណ្ឌលកណ្តាលនៃទីស្តីការ គ.ជ.ប ដើម្បីធ្វើការបូកសរុប និងប្រកាសលទ្ធផល។ លោកក៏បញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោត នាពេលខាងមុខទៀត គ.ជ.ប គ្រោងនឹងធ្វើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមប្រព័ន្ធកុំព្យូទ័រ ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន គឺ គ.ជ.ប មានទស្សនវិស័យទទួលយក និងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងដំណើរការបោះឆ្នោតដោយសិក្សាបទពិសោធន៍ និងការអនុវត្តពីបណ្តាប្រទេសឈានមុខលើដំណើរការបោះឆ្នោត តាមប្រព័ន្ធឌីជីថលក្នុងការបោះឆ្នោត។
ការលើកឡើងដូច្នេះ ធ្វើឡើងក្រោយពី លោកហង្ស ពុទ្ធា និងលោកតុប ឬទ្ធី ទីប្រឹក្សា គ.ជ.ប អញ្ជើញមកពីចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត» ដែលមានការចូលរួមពីស្ថាប័នរៀបចំការបោះឆ្នោតចំនួនជាង ៣០ប្រទេស៕