តៃវ៉ាន់​​ព្រមាន​​ប្រជាជន​​កុំឲ្យ​ធ្វើ​​ដំណើរ​ទៅ​ហុងកុង​​និងចិន​​ខណៈ​ស្ថានការណ៍​​តានតឹង​

13-09-2019 8:48 am 243
រូបភាព​​បាតុកម្ម​នៅហុងកុង

​គណបក្សកាន់អំណាច​តៃវ៉ាន់​បានចេញ​ការព្រមាន​ដល់​ប្រជាជន មិនឲ្យ​ធ្វើដំណើរ​ទៅ​កាន់ក្រុង​ហុងកុង​ឬក៏​ចិនដីគោក​ឡើយ ដោយ​និយាយថា​ស្ថានភាព​កំពុង​ធ្លាក់​ក្នុង​ភាពវឹកវរ បន្ទាប់ពី​អ្នកជំនួញ​តៃវ៉ាន់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយ​ទៅ​មើល​ការប្រមូលផ្ដុំ​របស់​ក្រុមបាតុករ​នៅ​ហុងកុង​។ លោក​លី ម៉េង​ជូ​អាយុ​៤៣​ឆ្នាំ​បាន​បាត់​ខ្លួន​បន្ទាប់ពី​លោក​ឆ្លង​ព្រំដែន​ហុងកុង ទៅកាន់​ទីក្រុង​សិន​ជិន​របស់​ចិន​កាលពី​ថ្ងៃទី​១៩​ខែ​សីហា​។ លោក​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទៅ​ចូលរួម​ក្នុង​ការតវ៉ា​នៅ​ហុងកុង មុនពេល​ឆ្លងកាត់​ព្រំដែន​។ 

​ក្រោយ​មាន​ករណីនេះ​កើតឡើង​អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​ចិន​ប្រចាំ​តៃវ៉ាន់ បាន​បញ្ជាក់ថា​លោក​លី​ត្រូវបាន​ឃុំខ្លួន​ដើម្បី​សាកសួរ​ទាក់ទង​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​អាចធ្វើឲ្យ​អន្ដរាយ​ដល់​សន្ដិសុ​ខចិន​។ ឃើញ​ស្ថានភាព​កំពុង​គ្រោះថ្នាក់​ដូច្នេះ អ្នកនាំពាក្យ​គណបក្ស​ដំណើរការ​ប្រជាធិបតេយ្យ​តៃវ៉ាន់ បានចាត់ទុក​ការឃុំខ្លួន​អ្នកជំនួញ​តៃវ៉ាន់​អាច​បង្ក​ជា​ភាពភ័យខ្លាច ជុំវិញ​សុវត្ថិភាព​អ្នកដំណើរ​ដែល​ឆ្ពោះទៅកាន់​ក្រុង​ហុងកុង​ឬក៏​ដែនដី​ចិន​។ ដូច្នេះ​តៃវ៉ាន់​បានប្រកាស​ព្រមាន​ប្រជាជន​តៃវ៉ាន់ គួរ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ទីនោះ ហើយ​បើ​ជៀស​មិន​រួច​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ត្រូវ​ជូនដំណឹង​ដល់​សាច់ញាតិ​ពី​តំបន់​ដែល​ខ្លួន​ស្ថិតនៅ​៕

ព័ត៌មានផ្សេងទៀត