កម្ពុជា​-​ឡាវ​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥​រួមគ្នា​

12-09-2019 8:05 pm 333
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ នៅ​ព្រឹក​នេះ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥​រួមគ្នា ក្រោម​វត្តមាន​នៃ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ។ ឯកសារ​ទាំងនោះ ភាគច្រើន​គឺ​ផ្តោត​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​វិស័យ​ថាមពលអគ្គិសនី​សម្រាប់យ​កមកផ្គត់ផ្គង់​នៅ​កម្ពុជា...

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ រួមគ្នា នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា នា​វិមាន​សន្តិភាព​។​

​ឯកសា​រទាំង​៥​នោះ រួមមាន ៖

១.​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​

២.​កិច្ចព្រមព្រៀង​ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​

៣.​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​ឡាវ សម្រាប់​ការនាំ​ចូល​អគ្គិសនី​អនុភាព ៥០០ មេហ្គា​វ៉ាត់ ពី​វា​រី​អគ្គិសនី​អាត់​តា​ពើ ប្រទេស​ឡាវ ។​

៤.​កិច្ចព្រមព្រៀង​ទិញ​-​លក់ អគ្គិសនី​រវាង​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព ៦០០​មេហ្គា​វ៉ាត់ នៅ​ខេត្ត​សេកុង ប្រទេស​ឡាវ ។​

៥.​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​១.៨០០​មេហ្កា​វ៉ាត់ នៅ​ខេត្ត​សេកុង ។​

​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មកដល់​កម្ពុជា នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ កញ្ញា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​១២ - ១៣ កញ្ញា តាម​ការអញ្ជើញ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ 

​តាម​ការគ្រោងទុក​លោក​នឹង​ចាកចេញ​ពី​កម្ពុជា នៅវេលា​ម៉ោង​១១:៣០​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា បន្ទាប់​ពី​ចូលជួប​សម្តែង​ការគួរសម​ចំពោះ លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​រួចរាល់ ៕

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត