លោក​ឡៅ វ៉េង​៖​ក្រសួង​សង្គមកិច្ច​មិន​លើកទឹកចិត្ត​ដល់​ជនពិការ​ដែល​សុំទាន​តាម​ផ្សារ​និង​តាម​ផ្លូវ​ទេ​

12-09-2019 5:12 pm 277
  ស្តាប់
​លោក​ឡៅ វ៉េង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា
ស្តាប់ជាសំឡេង

​លោក​ឡៅ វ៉េង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា ចំពោះ​ជនពិការ​ដែល​កំពុងតែ​សុំទាន​នៅ​តាម​ចិញ្ចើមផ្លូវ និង​តាម​ទីផ្សារ​នានា​គឺ​ក្រសួង​មិន​ដែល​បាន​លើកទឹកចិត្ត​អោយ​ពួកគាត់​ធ្វើ​ទង្វើ​បែបនេះ​ទេ​។​នេះ​ជា​អ្វី​ដែល​លោក​បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ផល​លាភ​សមធម៌​»​ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​។

​លោក​ឡៅ វ៉េង បាន​បន្តទៀតថា ដោយសារតែ​មិន​ចង់អោយមាន​ជនពិការ សុំទាន​តាម​ចិញ្ចើម​ផ្លូវ​នេះហើយ ទើប​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បង្កើត​ឲ្យមាន​កម្មវិធី​ជាច្រើន​ជួយ​ដល់​ពួកគាត់ និង​ផ្តល់​ជា​សំភារៈ​ជំនួយការ​ដើរ​ដល់​ពួកគាត់ អាច​ប្រើប្រាស់​បាន​ងាយស្រួល​ក្នុង​ការប្រកបមុខរប​រ​រកស៊ី និង​ធ្វើ​ការងារ​ផ្សេងៗ​។​

​លោក​បាន​បន្ថែមថា ការដែល​ពួកគាត់​ទៅ​សុំទាន​នៅ​តាម​ទីផ្សារ ឬ​តាម​ផ្លូវ​សាធារណៈ​នោះ វា​អាច​ជា​គំនិត​របស់​ពួកគាត់​ច្រើនជាង ព្រោះ​តែ​គាត់​មិន​ចង់​អភិវឌ្ឍន៍​ខ្លួន តែ​ក្រសួង​នៅតែ​ព្យាយាម​អប់រំ​ដល់​ពួកគាត់​។​លោក​បន្តថា កន្លងមក​ក្រសួង​ក៏​មាន​វិធានការ​ផងដែរ តាមរយៈ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​សូម​អោយ​ប្រមូលផ្តុំ​ពួក​គាត់​យក​ទៅ​ដាក់​មណ្ឌល ដើម្បី​អប់រំ​ណែនាំ និង​ផ្តល់​សេវា​ចាំបាច់​មួយ​ចំនួន ក៏ដូចជា​ជួយ​បណ្តុះបណ្តាល​នូវ​ជំនាញ​វិជ្ជាជីវៈ​ចាំបាច់​ដល់​ពួកគាត់ ប៉ុន្តែ​បែរជា​ទទួលរង​នូវ​ការចោទប្រកាន់​ថា បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ទៅ​វិញ​...

​សំឡេង​លោក​ឡៅ វ៉េង​៖

​ទន្ទឹមនឹងនេះ​ដែរ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏​បាន​បង្ហាញ​ពី​គោលនយោបាយ និង​កម្មវិធី​របស់​រា​ជ​រដ្ឋាភិបាល​ជួយ​ដល់​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​ផងដែរ​។​ដោយ​ក្នុង​របាយការណ៍​បានបញ្ជាក់​ថា របប​គោលនយោបាយ​ដែល​ផ្តល់ជូន​ពួកគាត់​រួមមាន​៖​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ក្នុង​មួយ​ខែ​ពីរ​ម៉ឺន​រៀល​(​សម្រាប់​រយៈពេល ៣​ខែ ៦​ខែ និង​១២​ខែ​),​ការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​,​ប្រាក់​សម្រាប់​អាហារ​ក្នុងអំឡុងពេល​ទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ក្នុង ១​ថ្ងៃ បី​ពាន់​រៀល​,​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​មក​ទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ទៅមក ១​ម៉ឺន​រៀល និង​ប្រាក់​ផ្តល់ជូន​សម្រាប់​ទៅ​ពិនិត្យ​ព្យាបាល​ថែទាំ​សុខភាព​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​បី​ម៉ឺន​រៀល​ក្នុង​១​លើក ក្នុង​មួយ​ឆ្នាំ​៕

 

 ពាក្យគន្លឹះ  លោក​ឡៅ វ៉េង

ព័ត៌មានផ្សេងទៀត