កម្ពុជា​-​ឡាវ ឯកភាពគ្នា​កំណត់​ខណ្ឌសីមា​បាន​៨៦%​ហើយ​

12-09-2019 3:34 pm 101

​កម្ពុជា​-​ឡាវ បានកំណត់​ខណ្ឌសីមា ចំនួន​៨៦​ភាគរយ​ហើយ នៃ​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ចេញ​សេចក្តីថ្លែងការណ៍​រួម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ​។ ដោយៈ​សៅ វិសាល​

​ក្រោយ​បញ្ចប់​កិច្ច​ជំនួប រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​ឡាវ នា​ថ្ងៃ​ទី ១២ ខែកញ្ញា​នេះ ភាគី​ទាំង​២ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម បង្ហាញ​ពី​ការឯកភាព​គ្នា​ចំនួន​១២​ចំណុច​។ សេចក្តីថ្លែងការណ៍​រួម ក៏​បាន​បង្ហាញ​ពី​ការកំណត់​ព្រំដែន​សីមា នៃ​ប្រទេស​ទាំង​២ បាន​ចំនួន​៨៦%​ផងដែរ​។​

​សេចក្ដីថ្លែងការណ៍​រួម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ ខណ្ឌ​សីមា​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​រួមគ្នា​ព្រាង ឲ្យបាន​ឆាប់​បំផុត​នូវ សន្ធិសញ្ញា​ស្តីពី ការ​ខណ្ឌ​សីមា​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពាក់ព័ន្ធ​កំណាត់​ព្រំដែន ដែល​ភាគី​ទាំងពីរ បានកំណត់​ខណ្ឌសីមា រួចរាល់​ហើយ ចំនួន​៨៦% នៃ​ខ្សែ​ព្រំដែន​រវាង ប្រទេស​ទាំង​ពីរ​»​។​ ​សេចក្ដីថ្លែងការណ៍​រួម បាន​បន្ថែមទៀតថា ចំពោះ​កំណាត់​ព្រំដែន ដែល​នៅ​សេសសល់​មិនទាន់​ខណ្ឌសីមា ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គ្នា​ថា នឹង​បន្ត​ពិភាក្សា​រិះរក​ផ្លូវ​ដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី​ឱ្យបាន​ឆាប់​បំផុត​។​

​សេចក្ដីថ្លែងការណ៍ បាន​គូសបញ្ជាក់ថា ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​ប្រគល់​ភារកិច្ច ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​ពិភាក្សាគ្នា​អំពី​ការដាំ​បង្គោល​ព្រំដែន​បន្ថែម នៅលើ​កំណាត់​ព្រំដែន ចំនួន​៨៦​ភាគរយ និង​ផលិត​ផែនទី​ព្រំដែន ដោយ​បង្ហាញ​ពី​ខ្សែ​ព្រំដែន ដែល​ភាគី​ទាំងពីរ បាន​ទទួល​យក​សម្រាប់​ភ្ជាប់​ជា​ឧបសម្ព័ន្ធ នៃ​សន្ធិសញ្ញា​ដូច​ពោល​ខាងលើ​៕

 ពាក្យគន្លឹះ  កម្ពុជា-ឡាវព្រំដែន

ព័ត៌មានផ្សេងទៀត