ឯកអគ្គ​រាជទូត​ខ្មែរ​​នៅ​អាមេរិក​ ថា កម្ពុជា ​មានបំណង​​ស្មោះត្រង់ ​ជាមួយ​អាមេរិក​​

12-09-2019 11:02 am 1462

​សារ​ឆ្លើយឆ្លង រវាង​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា ទៅ​សហរដ្ឋអាមេរិក បាន​កើតឡើង​ជា​បន្តបន្ទាប់ បន្ទាប់ពី​អាមេរិក អំពាវនាវ​ជាថ្មី ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​កឹម សុខា និង​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឡើងវិញ ដែល​ការណ៍​នេះ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជាការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ជាពិសេស​ទាក់ទង​ការឃុំខ្លួន​លោក​កឹម សុខា​។​

​លិខិត​ចំហ​មួយ​របស់លោក​ជុំ សុន្ទ​រី ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល យកមក​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៩ បាន​បញ្ជាក់ប្រាប់​ទៅ​រដ្ឋាភិបាល​អាមេរិក​ថា រដ្ឋាភិបាល​កម្ពុជា ពិតជា​មានបំណង ប្រាថ្នា​ដ៏​ស្មោះត្រង់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​លើ​គ្រប់​វិស័យ​ជាមួយ​សហរដ្ឋអាមេរិក​។​

​ក្នុង​លិខិត​នោះ លោក​ជុំ សុន្ទ​រី និយាយថា “​ខ្ញុំ​បាន​ធានា​ចំពោះ​រដ្ឋាភិបាល​កម្ពុជា នូវ​បំណងប្រាថ្នា​ដ៏​ស្មោះត្រង់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ​ជាមួយ​សហរដ្ឋអាមេរិក និង​បាន​ស្នើសុំ​ការគាំទ្រ​របស់គាត់ ចំពោះ​គោលបំណង​នេះ​”​។ លោក​ជុំ សុន្ទរី​លើកឡើង​ដូច្នេះ បន្ទាប់ពី​លោក បាន​ជួប​សមាជិកសភា រ៉ូ​នរ៉ា​យ (​សង្កាត់ ៦ រដ្ឋ​តិច​សាស​) កាលពី​ថ្ងៃ​១១ កញ្ញា​។​

​សមាជិកសភា​រ៉ូនរ៉ាយ​បានប្រាប់​ទូត​ខ្មែ​រថា គាត់​បាន​ជួប​លោក David R. Stilwell ជំនួយការ​រដ្ឋលេខាធិកា​រ​ការិយាល័យ​កិច្ចការ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក​។ លោក​ក៏បាន​ចែករំលែក​បំណងប្រាថ្នារ​បស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់ឃើញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​កាន់តែ​ប្រសើរ ហើយ​លោក​នឹងចូលរួម​នៅក្នុង​គោលបំណង​នេះ​ផងដែរ​។ នេះ បើតាម​ការបញ្ជាក់ នៅក្នុង​លិខិត របស់លោក​ជុំ សុន្ទ​រី​។​

​តាម​លោក​ជុំ សុន្ទ​រី ដដែល គឺ​លោក David R. Stilwell បាន​សម្តែង​ការព្រួយបារម្ភ របស់​អាមេរិក​អំពី​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា និង​ការ​ធូរស្បើយ​របស់លោក ក្នុងការ​ស្តាប់​ព័ត៌មាន ស្តីពី​ការបដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បានលើកឡើង​ចំពោះ​ព័ត៌មាន​លម្អិត និង​ការបំភ្លឺ​របស់លោក ជុំ ស​ន្ទរី ប្រឆាំងនឹង​ការចោទប្រកាន់ នៃ​កិច្ចព្រមព្រៀងសម្ងាត់ ដែល​បាន​ចុះហត្ថលេខា​រវាង​កម្ពុជា​-​ចិន​ទាក់ទង​នឹង​ការប្រើប្រាស់​មូលដ្ឋាន​កង​ទ័ពជើងទឹក​រាម​នៅ​កម្ពុជា​ដោយ​យោធា​ចិន​។ លោក​បន្តថា លោក David R. Stilwell ក៏មាន​ការចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​ទាក់ទង​ការអភិវឌ្ឍ ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស គឺ​ការបង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី តែម្តង​៕

ព័ត៌មានផ្សេងទៀត