រដ្ឋាភិបាល​បញ្ចេញ​អង្ករ​១​ពាន់​តោន​ត្រៀម​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​

11-09-2019 7:56 pm 250
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចេញ​អង្ករ​ចំនួន​១​ពាន់​តោន ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​នៅក្នុង​ឆ្នាំនេះ ។ លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខ្លួន​សង្គ្រោះ និង​ត្រៀម​ពូជស្រូវ ដើម្បី​ជួយ​ទៅ​ដល់​ពលរដ្ឋ​រងគ្រោះ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាស​សម្រេច​បញ្ចេ​ញ​អង្ករ​ចំនួន ១.០០០​តោន និង​ថវិកា​ចំនួន ២.០០០ លាន​រៀល ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ទាំងឡាយ ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ ។​

​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១១ កញ្ញា លោក ហ៊ុន សែន ក៏​បាន​បង្គាប់​ឱ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវ​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​នាំយក​អង្ករ​និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ទុក​ចែក​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ ។​

​លោក​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់​នៃ​បណ្តា​ខេត្ត​នានា ដែល​ស្ថិតនៅ​តាម​ដង​ទន្លេ ពិសេស​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ដែល​កម្ពស់​ទឹក​កំពុង​លើស​កម្រិត​ប្រកាសអាសន្ន ព្រមទាំង​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះវិហារ​និង​ខេត្ត​កំពង់ធំ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​បាក់​ច្រាំង ខ្យល់​កន្ត្រាក់ និង​ហានិភ័យ​នានា​ដែល​អាច​នឹង​កើតមានឡើង ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ណែនាំ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​អនាម័យ ទឹកស្អាត និង​សត្វ​អាសិរពិស​នៅក្នុង​រដូវ​កាល​ទឹកជំនន់ ។​

​ម្យ៉ាងទៀត លោក​ក៏​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​ទាំងអស់ ត្រូវ​សហការ​ត្រៀម​ផ្តល់​ស្រូវពូជ ជូន​ដល់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​ដាំ​ដុះ​ស្រូវវស្សា ហើយ​ទទួលរង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ ។​

​តាម​ការ​ព្យាក​រលើ​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​១២ កញ្ញា តទៅ នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ថ្មី​មួយ​កើតឡើង ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​រំកិល​ខ្លួន​ចុះ​មកក្រោម ចន្លោះ​ស្ទឹងត្រែង​-​ប៉ាក់​សេ ។ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ នឹង​បង្ក​ឱ្យមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ជំរុញ​ឱ្យ​ទឹក​ទន្លេមេគង្គ ហក់​ឡើង​ជា​ថ្មី ដែល​ធ្វើឱ្យ​ជំនន់​ឆ្នាំ​២០១៩​នេះ ចាត់ទុក​ចំណាត់ថ្នាក់​ជា​ជំនន់​ធំ ៕

 ពាក្យគន្លឹះ  អង្ករគ្រោះទឹកជំនន់

ព័ត៌មានផ្សេងទៀត