កម្ពុជា​សម្រេច​លើ​គម្រោង​ទិញ​អគ្គិសនី​ផលិត​ដោយ​ធ្យូង​ថ្ម​២៤០០​មេហ្កា​វ៉ាត់​ពី​ឡាវ​

11-09-2019 5:13 pm 137
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ​បានសម្រេច​អនុម័ត​ទាំងស្រុង​លើ ការធានា​របស់ រាជរដ្ឋាភិបាល​សម្រាប់​គម្រោង​ទិញ ថាមពល​អគ្គិសនី​ផលិត ដោយ​ធ្យូងថ្ម ២៤០០ មេហ្កា​វ៉ាត់ ពី​ប្រទេស​ឡាវ​។ គម្រោង​នេះ រដ្ឋាភិបាល​នឹង​ទិញ​ប្រភព​អគ្គិសនី​ផ្ទាល់​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យុងថ្ម​ចំនួន​២ របស់​ឡាវ ស្ថិតនៅ​តំបន់​រ៉ែ​ធ្យុងថ្ម​នៃ​ខេត្ត​សេកុង ប្រទេស​ឡាវ​។ ​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ប្រាប់​វិទ្យុ​វាយោ​ថា ផែនការ​បន្ថែម​ប្រភព​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​សេចក្តីត្រូវការ ឲ្យបាន​គ្រប់គ្រាន់ ស្ថិរភាព​នយោបាយ និង​សន្តិភាព​នៅ​កម្ពុជា និង​ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង ការបំពេញ​កាតព្វកិច្ច​រវាង​កម្ពុជា​-​ឡាវ លើ​ការទិញ​-​លក់​ថាមពល​អគ្គិសនី​។​

​សំឡេង

​លោក ផៃ ស៊ីផា​ន បាន​បន្ថែមថា ក្នុង​ការបន្ថែម​ការនាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេសជិតខាង​នេះ ដោយសារតែ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គឺជា​ប្រទេស​អ្នក​ប្រើ​អគ្គិសនី​ច្រើន ដែល​ការនាំ​ចូល​អគ្គិសនី​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​ប្រទេស​ទាំង​២​នេះ គឺជា​ការរំលែក​ប្រភព​អគ្គិសនី​ពី​ការប្រើ​ប្រាប់​របស់​ប្រទេស​គេ ដែល​ឆ្នាំ​ខ្លះ​សល់ ឆ្នាំ​ខ្លះ​ខ្វះ ដូច្នេះ​ចំពោះ​ការនាំ​ចូល​អគ្គិសនី ពី​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​អ្នក​ផលិត​អគ្គិសនី​ដើម្បី​លក់​ចេញ​យក​ចំណូល​វិញ ពី​ព្រោះ​ការ​នាំចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ឡាវ ជាការ​នាំចូល​ប្រភព​អគ្គិសនី​មួយ​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ជាង ទាំង​ថ្លៃ​ទាំង​ទំហំ និង​ទាំង​លក្ខខណ្ឌ​ទិញ ព្រមទាំង​មាន​សុត្ថិវភាព​យូរអង្វែង​ជាង​ផង​។​

​ការវិនិយោគ​លើ​គម្រោង​លើ​គម្រោង​ទាំង​២ ខាងលើ​អាច​ដំណើរការ​ទៅ​បាន និង​អាច​ឱ្យ​អគ្គិសនី កម្ពុជា អាច​ទិញ​ប្រភព​អគ្គិសនី​ពី​គម្រោង​ទាំង​២ ដែល​ជា​ផលប្រយោជន៍​យុទ្ធសាស្ត្រ​វែងឆ្ងាយ​សម្រាប់​កម្ពុជា​។ ផល​ចំណេញ​ដែល​កម្ពុជា​អាច​ទទួលបាន​ពី​ការទិញ​ប្រភព​អគ្គិសនី​ពី​គម្រោង​ផលិត​អគ្គិសនី​ទាំង​២​ខាងលើនេះ ត្រូវបាន​លោក​ផៃ ស៊ីផា​ន អះអាងថា​...៖

​សំឡេង​

​សម្រាប់​អត្ថប្រយោជន៍ កម្ពុជា ទទួល​បាន​ថ្លៃ​អគ្គិសនី ៧,៧ សេន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ជា​តម្លៃ​ថោក​ធៀប​នឹង​បណ្តោ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យួ​ង​ថ្ម​ផ្សេងទៀត​នៅ​កម្ពុជា និង​មាន​តម្លៃ​ថេរ មិន​ដូច​ការ​នាំចូល​ធ្យូងថ្ម​ពី​ទីផ្សារ​អន្តជាតិ ដែល​មាន​ហានិភ័យ​ថ្លៃ​ខ្ពស់ ហើយ​ថ្លៃ​នេះ​បាន​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបញ្ចុះ​ថ្លៃ​ភ្លើង​នាពេល​អនាគត​។​

* ទទួលបាន​លក្ខខណ្ឌ​បច្ចេកទេស និង​សេដ្ឋកិច្ច នៃ​កិច្ចព្រមព្រៀង​ទាំង ២ មាន​លក្ខណៈ​ប្រ​សេរីជាង​កិច្ចព្រមព្រៀង​ដែល​ធា្លប់មាន​កន្លងម​ក ។​

* ថាមពល​អគ្គិសនី​ដែល​ទទួលបាន​ពី​ប្រភព​ទាំង ២ អាច​នឹង​ជួយ​កាត់បន្ថយ​ការទិញ​អគ្គិសនី​ដែល​មាន​តម្លៃ​ថ្លៃ​ពី​ប្រភព​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុងពេល​បច្ចុប្បន្ន​ផង​ដែរ ។​

* ប្រភព​អគ្គិសនី​ថ្មី​ពី​គម្រោង​ទាំង ២ ខាងលើ​ធានាបាន​នូវ​ការផ្គត់ផ្គង់​បន្ថែម​ដល់​ប្រព័ន្ធ​ជាតិ​ឱ្យ​មាន​ស្ថិរភាព ជាពិសេស​នៅ​រដូវប្រាំង​ដែល​បណ្តា​ស្ថានីយ​វា​រី​អគ្គិសនី​យើង​មួយ​ភាគ​ធំ​ពុំមាន​លទ្ធភាព ផលិត​បាន​ច្រើន​អាច​ដំណើរការ​បាន​ត្រឹមតែ​ប្រមាណ ៣០ ភាគរយ នៃ​លទ្ធភាព​ផលិត​របស់​វា ។​

* នាំមក​នូវ​ការស្វែងយល់ និង​បណ្តុះបណ្តាល​បង្កើន​សមត្ថ​ភាព​ជំនាញ​របស់​កម្មករ​និយោជិត​អគ្គិសនី​កម្ពុជា តាមរយៈ​ការសិក្សា​នៅ​ស្ថានីយ​ផ្ទាល់​។​

* ការទទួលយក​គម្រោង​វិនិយោគ​ទាំង ២ នេះ នឹង​ផ្គល់​លទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​វិ​និយោគ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ៥០០ គីឡូ​វ៉ុល ថ្មី​បន្ថែម​ទៀត ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​អាច​ទិញ​ថាមពល​ដែល​មាន​ថ្លៃ​ទាប​សមរម្យ ពី​បណ្តុំ​ស្ថានីយ​វា​រី​អគ្គិសនី​នៅ​ភាព​ខាងត្បូង​នៃ​ប្រទេស​ឡាវ មុន​ឆ្នាំ​២០២៤ សម្រាប់​បំពេញ​កង្វះ​ខាត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​យើង ។ លើសពីនេះ​ទៀត ប្រព័ន្ធ​ខ្សែ​បញ្ជូន​ថ្មី​ទាំងនេះ​ក៏​នឹង​ផ្តល់ឱកាស​ថ្មី​ឱ្យ​ប្រទេស​កម្ពុជា​អាច​ទិញ​ថាមពល បន្ថែម​ពី​ប្រភព​ផ្សេងៗ​ទៀត ដែល​មាន​ថ្លៃ​ទាប​នៅ​ថ្ងៃ​អា​នាគ​ត នៅពេល​ដែល​ប្រទេស​កម្ពុជា​មាន​តម្រូវការ ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​វិស័យ​ថាមពល​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

* មិន​មាន​ផលប៉ះពាល់​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួររម្លឹកថា កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៩ កម្ពុជា​បាន​ប្រឈម​នឹង​បញ្ហា​កង្វះ​អគ្គិសនី​ប្រើប្រាស់ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ត្អូញត្អែរ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ រួម​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​វិស័យឧ​ស្សហកម្ម​នៅក្នុង​ប្រទេស​ផង​ដែរ​។ កាលនោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ ជុំវិញ​បញ្ហា​នេះ និង​បាន​ចរចា​ដើម្បី​ជួល​នាវា​ផលិត​អគ្គិសនី​តួ​ក​គី តែ​គម្រោង​នេះ ត្រូវ​បាន​លុបចោល​វិញ ដោយសារតែ​មិន​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន និង​មិន​មក​ទាន់​សភាពការណ៍​ត្រូវការ​។​

​យ៉ាងណាមិញ ក្រោយ​កើត​មាន​បញ្ហា​កង្វះ​អគ្គិសនី​នេះ ថ្នាក់ដឹកនាំ បានបញ្ជាក់​ថា ជា​បទពិសោធន៍​សម្រាប់​នៅ​ឆ្នាំ​ខាង​មុខៗ ដោយ​មិន​ឲ្យ​កើតឡើង​ទៀត​នោះ​ឡើយ​៕


ព័ត៌មានផ្សេងទៀត