អង្គការKOICA៖​​កម្ពុជា​​ជា​ប្រទេស​ទី​៣​​ដែល​KOICA​​ត្រូវ​ផ្ដល់​​ហិរញ្ញប្បទាន​​ច្រើនជាងគេ​​

11-09-2019 4:34 pm 97
  ស្តាប់
ជំនួប នៃប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំ​ការិយាល័យ​ប្រទេសកម្ពុជា ជាមួយមន្រ្ដីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ស្តាប់ជាសំឡេង

​ប្រធាន​តំណាង​ថ្មី​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA) ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា បាន​លើកឡើងថា ទីភ្នាក់ងារ KOICA នឹង​បង្កើន​ការបើក​ផ្ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​(ODA)​សម្រាប់​អាស៊ាន​រហូតដល់​២០​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​ថ្មី​ភាគខាងត្បូង​របស់​ប្រទេស​កូរ៉េ​។ លោក បញ្ជាក់ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដៃគូ​សំខាន់​មួយ ដែល​បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ទី​៣​ដែល​ទីភ្នាក់ងារ KOICA បាន​បើក​ផ្ដល់​ហិរញ្ញប្បទាន​ច្រើនជាងគេ និង​ថា KOICA គឺជា​ដៃគូ​ប្រកបដោយ​មោទនភាព របស់ រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​មកហើយ​។ នេះ​បើ​យោងតាម​សេចក្ដី ប្រកាស​ព័ត៌មាន​របស់ KOICA​។​

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ 

​លោក​នោ ហ្យន់​ជូន (Rho Hyun-Jun) ប្រធាន​តំណាង​ថ្មី របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA) ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា បាន​អញ្ជើញ​មន្ដ្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ទិវា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​ឆ្នាំ​២០១៩   ដែល​នឹង​ប្រព្រឹត្ដទៅនៅ​សាធារណរ​ដ្ឋ​កូរ៉េ នា​ចុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​។ លោក​ថា ការអញ្ជើញ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ទិវា​នេះ ដោយ​មើលឃើញ​ពី​សារៈសំខាន់ និង​បានបង្ហាញ “​គោលនយោបាយ​ថ្មី​ភាគខាងត្បូង​ដល់​តំបន់​អាស៊ាន​” ដែលមាន​គោលបំណង​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​សមាជិក​អាស៊ាន​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ទិវា​នេះ ក៏​នឹង​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ដើម្បី​សន្តិភាព វិបុលភាព និង​ប្រជាជន​៣០​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សាធារណរដ្ឋ​កូរ៉េ​-​អាស៊ាន​។ 

​លោក​ឈៀង យ៉ាណា​រ៉ា បាន​អរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ KOICA ដែល​បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។ លោក​បន្តថា ការណ៍​នេះ នឹង​ជំរុញ​ឲ្យ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​កូរ៉េ កាន់តែ​ប្រសើរឡើង និង​ទូលំទូលាយ​ថែមទៀត​។ លោក​ប្រាប់​ដល់​ភាគី​កូរ៉េ​ថា KOICA ជា​ដៃគូ​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង​២០ ឆ្នាំ​មកហើយ​។ ដោយសារ ភាពជា​ដៃគូ មិត្តភាព និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ បានធ្វើឲ្យ​ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្ដល់​ដោយ KOICA ចន្លោះ​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ ២០១៩ បាន​កើនឡើង​ដល់​២៧០​លាន​ដុល្លារ​អាមេរិក​។ 

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៩ KOICA គ្រោង​បើក​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កម្ពុជា ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក បន្ថែមទៀត​៕

 ពាក្យគន្លឹះ  អង្គការKOICA

ព័ត៌មានផ្សេងទៀត