មូលនិធិ​IMF​ប្រចាំ​កម្ពុជា​​ប្តេជ្ញា រក្សា​ស្ថិរភាព​​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា​​

11-09-2019 4:12 pm 113

​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងប្រាប់​លោក Yasuhisa Ojima ប្រធាន​ស្ថាន​ដំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​កម្ពុជា អំពី​តម្រូវការ និង​ការពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​សម្រាប់​កម្ពុជា ដែល​អាច​វាយតម្លៃ​អំពី​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម និង​ហានិភ័យ​ទាំង​ក្នុង និង​ក្រៅ​មកលើ​ស្ថានភាព​សេដ្ឋកិច្ច​, ទំហំ​ពាណិជ្ជកម្ម​, វិស័យ​ហិរញ្ញវត្ថុ និង​កិច្ច​អភិវឌ្ឍ​សង្គម ក្នុង​គោលដៅ​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ និង​ជា​កញ្ចប់​សម្រាប់​រយៈពេល​ខ្លី​, មធ្យម និង​វែង ដោយ​បុរេ​សកម្ម​, ទាន់ពេលវេលា និង​គ្រប់​ជ្រុងជ្រោយ​។ 

​លោក​លោក​អូន ព័ន្ធមុនីរ័ត្ន បាន​ប្រាប់​ទៅ​ប្រធាន​IMF នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សមត្ថភាព​មន្ត្រី​ជំនាញ​កម្ពុជា ដោយ ផ្តោតលើ​៣​កម្រិត​គឺ ទី​១. ការងារ​ដែលមាន​ចរិត​ជា​យុទ្ធសាស្ត្រ សម្រាប់​ការដឹកនាំ​សម្របសម្រួល​ជាអាទិ៍ ការដឹកនាំ​សម្របសម្រួល​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​, យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​, យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​លទ្ធកម្ម សាធារណៈ​។ ទី​២. បំពាក់​ជំនាញ​បច្ចេកទេស​ការងារ (Skill developments) បន្ថែមទៀត ចំពោះ​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ សាធារណៈ ដូចជា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, ប្រព័ន្ធគ្រប់គ្រង​បំណុល សាធារណៈ និង​យន្តការ​តាមដាន និង​វាយតម្លៃ  និង​ទី​៣. កម្មវិធី​

បណ្តុះបណ្តាល​ពិសេស​ដាច់ដោយឡែក សម្រាប់​បង្កើន​សមត្ថភាព​ជំនាញ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ឬ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ណាមួយ ដែល​កើតមានឡើង​ក្នុងពេល​អនុវត្តន៍​កម្ម​វិធី​។​
​លោក Yasuhisa Ojima បាន​ប្រាប់​ដល់​ភាគី​កម្ពុជា ថា IMF នឹង​បន្ត​រួមចំណែក​រក្សា​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​, លើកកម្ពស់ សមត្ថភាព​ស្ថាប័ន និង​មន្ត្រី​ជំនាញ​របស់​កម្ពុជា តាមរយៈ​ការចែករំលែក​ពុទ្ធិ ទាំង​ចំណេះដឹង និង​ចំណេះធ្វើ ក្នុង​ការវាយតម្លៃ​ហានិភ័យ​ក្នុង និង​ក្រៅ​សម្រាប់​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​, សារពើពន្ធ និង​បណ្តា​វិធានការ​ជា​យុទ្ធសាស្ត្រ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​កម្ពុជា ជា​បន្តទៀត​៕

ព័ត៌មានផ្សេងទៀត