ក្រសួង​អប់រំ​ថា គ្មានភាព​មិនប្រក្រតី​ណាមួយ​កើតឡើង​​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុប​ទេ​

11-09-2019 12:20 pm 251

​នៅ​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​មួយចំនួន បាននាំគ្នា​តវ៉ា​នៅ​មុខក្រសួង​អប់រំ ចំពោះ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប ។ ឆ្លើយតប​នឹង​ការតវ៉ា​នេះ​លោក ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា ចំពោះ​ការប្រឡង​បាក់​ឌុប​នៅ​ក្នុងឆ្នាំនេះ គឺ​មិនមាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នោះទេ ចាប់តាំងពី​ដំណើរការ​សំណេរ រហូតដល់​ការធ្វើ​កំណែរ ស្រង់​បូក​ពិន្ទុ និង​ការប្រកាស​លទ្ធផល ហើយ​ក្រសួង​មិន​លើកទឹកចិត្ត​ឱ្យមាន​ការតវ៉ា​ឡើយ ដោយ​ក្រសួង​ពិនិត្យឃើញថា លទ្ធផល​អាច​ទទួលយក​បាន​ព្រោះ​មាន​ភាព​សុក្រឹត​យុត្តិធម៌ គ្រប់​ដំណាក់កាល​ប្រឡង​

​សំឡេង លោក ឌី ខាំ​ប៉ូ​លី

​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៨ ក៏មាន​បេក្ខជន​ប្រឡង ជាប់​មក​តវ៉ា​ផងដែរ ទាក់ទង​នឹង​ពិន្ទុ​មានការ​បូក​ស្រង់​ខុស ហើយ​ក្រសួង​ក៏បាន​យល់ព្រម ធ្វើការ​បូកសរុប​សារជាថ្មី​។​ក្រោយ​ការតវ៉ា​គណៈកម្មការ​ជំនាញ​បាន​រកឃើញថា​ដំណើរការ​បូក​ស្រង់​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​។​ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ បើតាម​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ប្តេជ្ញា មិន​ឲ្យមាន​កំហុស​ដូច​ឆ្នាំ​២០១៨​ទេ ៕

 ពាក្យគន្លឹះ  ក្រសួងអប់រំបាក់ឌុប

ព័ត៌មានផ្សេងទៀត