រដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​ កែសម្រួលរ​បៀ​ប​របប​ការងារ​និង​ការចែក​ភារកិច្ច​ថ្នាក់ដឹកនាំ​

11-09-2019 12:02 pm 296

​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច​ជាថ្មី​ម្តងទៀត ស្តីពី ការកែសម្រួល​សេចក្តីសម្រេច ស្តីពី ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ ប្រការ​មួយ​នៃ​សេចក្តីសម្រេច​នោះ​ឲ្យដឹងថា ត្រូវបាន​កែសម្រួល​សេចក្តីសម្រេច លេខ​៥០ ចុះ​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី ការកំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​ជូ ន​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស សំដៅ​ធានា​ការអនុវត្ត​ច្បាប់ និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​រដ្ឋ ដូច​មានចែង​នៅក្នុង​ប្រការ​បន្តបន្ទាប់​។ 

ក្នុងនោះ​ប្រការ​២​បាន​និយាយ អំពី នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម របស់​គណៈរដ្ឋមន្ត្រី​និង​ចាត់ចែង​បញ្ជា​រាល់​សកម្មភាព របស់​រដ្ឋាភិបាល​លើ​គ្រប់​វិស័យ​។ ចំណែក​ប្រការ​៣ និយាយ អំពី របៀបរបប​ការងារ​និង​ភារកិច្ច​របស់​ឧបនាយករដ្ឋមន្ត្រី នៅក្នុង​នោះ​លោក​ស ខេង​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​នាយករដ្ឋមន្ត្រី​ស្តីទី នៅពេលដែល​នាយករដ្ឋមន្ត្រី​អវត្តមាន ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​សន្តិសុខ​ជាតិ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ការជួញដូរ​មនុស្ស ការដឹកនាំ​ប្រតិ​ប​ត្ត​ការ​ទប់ស្កាត់និង​ប្រឆាំង​ភេរវកម្ម ការងារ​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ការ​បំផ្លាញចោល​អាវុធ ព្រមទាំង​ការងារ​ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព ការងារ​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។ ក្រៅពីនោះ នៅមាន​ប្រការ​ចំនួន​៨​ទៀត​ដែល​និយាយ អំពី កែសម្រួល​របៀបរបប​ការងារ​និង​ការចែក​ភារកិច្ច​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។​

​គួរ​ជម្រាបជូន​ដែរថា ការបែងចែក​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា តែង​ធ្វើ​ឡើងជា​រៀងរាល់​អាណត្តិ ដែលមាន​រយៈពេល​៥​ឆ្នាំ​ម្តង​។ នេះ គឺជា​ការចេញ​សេចក្តីសម្រេច​លើក​ទី​២ ដើម្បី​ធ្វើ​ការកែសម្រួល របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច កំណត់​របៀបរបប​ការងារ របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ម្តង​រួចទៅហើយ កាលពី​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ៕

 ពាក្យគន្លឹះ  រដ្ឋាភិបាល

ព័ត៌មានផ្សេងទៀត