ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា តាមរយៈអ្នកនាំពាក្យ នៅយប់ថ្ងៃទី១០ កញ្ញា បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ លោក ស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើ លោកកឹម សុខា ប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានពន្យល់ប្រាប់សហរដ្ឋអាមេរិកថា ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោកកឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់លោកជាមួយគ្រួសាយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ក្រសួងការបរទេសកម្ពុជា លើកឡើងថា ដូចនៅបណ្តាប្រទេសដទៃទៀត ដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល (civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តី ដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកការប្រព្រឹត្តរបស់លោកកឹម សុខា គឺជាការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជា មានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គល និងអង្គភាពទាំងឡាយណា ដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល គឺកម្ពុជាបានទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានណែទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ យ៉ាងដូច្នេះ។
សូមបញ្ជាក់ថា លោក ស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីម្តងទៀតទៅរដ្ឋាភិបាកម្ពុជា ឱ្យដោះលែងអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា ប្រគល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋដល់លោក និងអ្នកទាំងឡាយណា ដែលត្រូវបានរដ្ឋាភិបាលចាប់ និងឃុំខ្លួនកន្លងមក ដែលសហរដ្ឋអាមេរិកអះអាងថា ធ្វើឡើង តាមទំនើងចិត្ត។ ការអំពាវនាវនេះ ធ្វើឡើង ជាការរំលឹកខួប២ឆ្នាំនៃការចាប់ និងឃុំខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដោយមិនទាន់មានការជំនុំជម្រះ។
អ្នកស្រី Morgan Ortagus ថា ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ ការដកហូតដំណែងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតដោយត្រឹមត្រូវជាង ៥ពាន់នាក់របស់បក្សប្រឆាំង គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។
ជាការកត់សម្គាល់ នៅដើមឆ្នាំ២០១៩ សហរដ្ឋអាមេរិក ក៏បានចេញមុខអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងលោកកឹម សុខា និងអ្នកនយោបាយជាប់ឃុំផ្សេងទៀត មួយលើកជាពីរលើករួចមកហើយ ប៉ុន្តែ ការស្នើសុំទាំងនោះត្រូវបានរដ្ឋាភិបាលច្រានចោលជាបន្តបន្ទាប់ មកដែរ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនកាលពីដើមខែកញ្ញា ក្នុងឆ្នាំ២០១៧។ ជាង ២ខែក្រោយការចាប់ខ្លួនលោក គណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយដោយតុលាការកំពូលមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ចូលមកដល់។ ឯមន្ត្រីជាន់ខ្ពស់បក្សនេះ ចំនួន១១៨នាក់ត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ ព្រមទាំងដកហូតដំណែងមន្ត្រីបក្សប្រឆាំងដ៏ធំមួយនេះ ដែលមិនព្រមចុះចូលបក្សកាន់អំណាចតាំងថ្នាក់ឃុំ រហូតដល់តំណែងក្នុងរដ្ឋសភាជាតិ ប្រគល់ទៅឱ្យបក្សផ្សេង ទៀតផង៕