អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​៧០​នាក់​​ទទួលបាន​ការពង្រឹង​សមត្ថភាព​​ភាសា​ជប៉ុន​​

11-09-2019 11:18 am 84

​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ទេសចរណ៍​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​ប្រមាណ ៧០​នាក់ បាននិងកំពុង​ទទួល​បាន​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ភាសា​ជប៉ុន ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​ភាសា​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាព​ស្ទាត់​ជំនាញ​។​

​ជាមួយគ្នានេះដែរ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង​ចំ​ពេលវេលា និង​ស្របតាម​សំណូមពរ​របស់​អ្នកជំនាញ​ទេសចរណ៍ នៅក្នុង​ការចូលរួម​ក​សាង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម ជាពិសេស​ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​ភាសា​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាព​ស្ទាត់​ជំនាញ ក្នុង​ការចូលរួម​ផ្តល់​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ពេញចិត្ត​ពី​សំណាក់​ភ្ញៀវទេសចរ ជាពិសេស​ទេសចរ​ជប៉ុន ដែល​បាននិងកំពុង​មានការ​កើនឡើង​ជា​លំដាប់​ក្នុងការ​មក​ទស្សនា​នៅ​កម្ពុជា​។​

ជា​ការកត់សម្គាល់ថា សម្រាប់​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៣.៨​លាន​នាក់ កើនឡើង ១១.១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្នុងនោះ​កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ចំនួន ១១៣,១៥៩​នាក់ កើនឡើង​ប្រមាណ ២.៦%​។​បើតាម​ការព្យាករណ៍​ទុក​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​ជិត ១​លាន​នាក់​។​

​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៩ ខែ​កញ្ញា ក្រោម​អធិបតីភាព​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​មាន​ការចូលរួម​ពី​សំណាក់​ប្រធាន​ផ្នែក​ទទួលបន្ទុក​ទេសចរណ៍ និង​ជា​តំណាង​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន សាស្ត្រាចារ្យ​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន មន្ត្រី​ជំនាញ អ្នកជំនាញ​ទេសចរណ៍ សិស្ស និស្សិត ដែល​ចូលរួម​សរុប​ប្រមាណ ៧០​នាក់​៕


ព័ត៌មានផ្សេងទៀត