កញ្ញារ៉ូហ្សេត៖លោកសម រង្ស៊ី រងគ្រប់ទិស ប៉ុន្តែនៅតែអាច ពង្រឹងជំហររួច

11-09-2019 10:58 am 1904

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត សកម្មជនអតីតបក្សសង្រ្គោះជាតិ និងជាអតីតចៅសង្កាត់​អូរចារ​ បានលើក​ឡើ​ង ថា លោកសម រង្ស៊ី រងគ្រប់ទិស ប៉ុន្តែនៅតែអាចពង្រឹងជំហររួច។ កញ្ញារ៉ូហ្សេត បានសរសេរនៅ​លើ​គណ​នី ហ្វេសប៊ុករបស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ថា លោកសម រង្ស៊ី រងពីគណបក្សជាគូប្រជែង ពីមនុស្សនៅក្នុងបក្សជាមួយគ្នា ពីគណបក្សតូចៗ និងពីអ្នកវិភាគ ប៉ុន្តែលោកសម រង្ស៊ី នៅតែអាចពង្រឹង ស្ថានភាពរបស់ខ្លួនបាន។

កញ្ញាបានសរសេរបន្ត ថា ព្រោះរាប់តាំងពីគណបក្ស ជាគូប្រជែងរហូតដល់អ្នកវិភាគ គឺត្រឹមតែមួយភាគតូចប៉ុណ្ណោះ ផ្ទុយទៅវិញមហាជនទាំងក្នុងស្រុក ទាំងក្រៅស្រុកយ៉ាងសម្បើម បានគាំទ្រលោក សម រង្ស៊ី គ្រប់ ស្ថានភាពរួចទៅហើយ។

តាមកញ្ញារ៉ូហ្សេត”ទោះជាគេខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ទឹកចិត្តមហាជនទាំងក្នុង ទាំងក្រៅនៅតែមានសមានចិត្តចំពោះលោក សម រង្ស៊ី យ៉ាងជឿជាក់មិនទាន់ងាករេ។ មិនទាន់ងាករេព្រោះគេមើលឃើញថា លោក សម រង្ស៊ី នៅតែរក្សាឧត្តមគតិរបស់ខ្លួនដដែល មិនប្រែប្រួលទោះជាអស់កាលយ៉ាងយូរជិត 30 ឆ្នាំក៏ដោយ”។

សកម្មជនអតីតបក្សប្រឆាំងរូបនេះ បានលើកឡើងទៀត ថា លោក សម រង្ស៊ី មិនពូកែទ្រឹស្តី តែលោកពូកែធ្វើ។ លោកមិនប៉ប៉ាច់ប៉ប៉ោច តែលោកនិយាយបានល្អ។ លោក​មិនរង់ចាំឱកាស តែលោកពូកែបង្កើតឱកាស។ លោកសម រង្ស៊ី មិនដែលអួតខ្លួនគាត់ឡើយ តែគាត់តែងតែអួត និងលើកតម្លៃមហាជនជានិច្ច។ នេះជាមូលហេតុមួយតូច ដែលធ្វើឲ្យមហាជនគាំទ្រលោក៕

 

ព័ត៌មានផ្សេងទៀត