លោក​ដូណាល់ ត្រាំ​​បណ្ដេញ​​ទីប្រឹក្សា​​សន្ដិសុខ​ជាតិ​​ចេញពី​តំណែង​

11-09-2019 10:55 am 234

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាសថា​លោក​បាន​បណ្ដេញ​មន្ដ្រីជាន់ខ្ពស់​ផ្នែក​សន្ដិសុខ គឺ​លោក​ច​ន ប៊ុល​តុ​ន​ចេញពី​តំណែង ដោយសារតែ​មាន​ការខ្វែង​គំនិត​គ្នា​ខ្លាំង​។ តាមរយៈ​សារ​បង្ហោះ​លើ​បណ្ដាញ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​១០​កញ្ញា លោក​ត្រាំ​គូសបញ្ជាក់ថា “​ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​លោកចន​ចុះចេញ ហើយ​ខ្ញុំ​នឹង​តែងតាំង​អ្នកថ្មី​ជំនួស​នៅ​សប្ដាហ៍​ក្រោយ​។ ខ្ញុំ​បាន​ប្រាប់​ទៅ​លោក​ច​ន ប៊ុល​តុ​ន​កាលពី​យប់មិញ​ថា លោក​នឹង​មិនអាច​បន្ដ​តួនាទី​បានយូរ​ទៀត​ទេ​។ ខ្ញុំ​បាន​ប្រឆាំងនឹង​ចំណុច​ជាច្រើន​ដែល​លោក​បាន​ស្នើសុំ ហើយ​អ្នកផ្សេង​នៅក្នុង​រដ្ឋាភិបាល​ក៏​មិន​ពេញចិត្ដ​ដែរ​។​”

​ប៉ុន្ដែ​បើតាម​ការបញ្ជាក់​ពី​លោក​ប៊ុល​តុ​ន លោក​ថា​លោក​បាន​យល់ព្រម​ចុះ​ចេញពី​តំណែង​ហើយ​។ ភ្លាមៗ​បន្ទាប់ពី​លោក​ត្រាំ​បង្ហោះ​សារ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ លោក​ប៊ុល​តុ​ន​ក៏បាន​ចេញ​សារ​មួយ​ដែរ ដោយ​បង្ហាញ​ការអះអាង​ផ្សេងគ្នា​។ លោក​ប៊ុល​តុ​ន​ថា​លោក​បាន​ស្នើសុំ​ចុះ​ចេញពី​តំណែង​រួចហើយ ប៉ុន្ដែ​លោក​ត្រាំ​បាន​ឆ្លើយតប​ថា​រង់ចាំ​ពិភាក្សា​ពី​បញ្ហា​នេះ​នៅ​ថ្ងៃស្អែក​។ នៅពេលដែល​ព័ត៌មាន​បែកធ្លាយ លោក​ប៊ុល​តុ​ន​ក៏​ផ្ញើ​សារ​ទៅកាន់​សារព័ត៌មាន​Fox News ដើម្បី​បញ្ជាក់​ពី​ការចុះ​ចេញ​របស់លោក​ជា​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​។ លោក​ប៊ុល​តុ​ន​បាន​ផ្ញើ​សារ​ទៅ​កាសែត​Washington Post​ដែរថា លោក​នឹង​ធ្វើតាម​ការសន្យា​របស់​លោក ហើយ​ការព្រួយបារម្ភ​ដ៏​បំផុត​គឺ​សន្ដិសុខ​ជាតិ​អាមេរិក​។​

​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​អាមេរិក​ដែលជា​អ្នកផ្ដល់យោបល់​ឲ្យ​លោក​ប្រធានាធិបតី បាន​ក្លាយជា​អង្គភាព​មួយ​ដាច់ដោយឡែក​នៅ​សេត​វិមាន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ប៊ុល​តុ​ន​។ អតីត​មន្ដ្រីជាន់ខ្ពស់រ​បស់​លោក​ត្រាំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ប៊ុល​តុ​ន​បានធ្វើ​ការងារ​ដាច់ដោយឡែក​ពី​សេត​វិមាន​។ លោក​ប៊ុល​តុ​ន​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ធ្វើតាម​គំនិត​ផ្ដួចផ្ដើម​របស់លោក​ទេ​។​

​សូមបញ្ជាក់ថា លោក​ច​ន ប៊ុល​តុ​ន​ធ្លាប់បាន​ខ្វែងគំនិត​ជាមួយ​ប្រធានាធិបតី លើ​បញ្ហានយោបាយ​ការបរទេស​មួយចំនួន រាប់​តាំងពី​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ង់​ជាដើម​។ លោក​ប៊ុល​តុ​ន​ដែល​បាន​បម្រើការ​តាំងពី​ខែមេសា​ឆ្នាំ​២០១៨​មក​នោះ គឺជា​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​ទី​៣​របស់លោក​ត្រាំ បន្ទាប់ពី​លោក​Michael Flynn​និង​លោក​HR McMaster៕

ព័ត៌មានផ្សេងទៀត