រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​ឲ្យ​ម្ចាស់​អាជីវកម្ម​រុះរើ​សម្ភារៈ​ដែល​តាំង​លក់​ចេញ​ពីលើ​ចិញ្ចើម​អម​សងខាង​ផ្លូវ​៥៩៨

10-09-2019 6:35 pm 80
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ជូនដំណឹង​ឲ្យ​អាជីវករ​ទាំងអស់​ចូលរួម​សហការ​រៀបចំ​ខឿន​ក្រាល​ការ៉ូឡា ចាក់​បេតុង​ផ្លូវ​ចេញ ចូល​ទីតាំង​អាជីវកម្ម លំនៅឋាន​រៀងៗ​ខ្លួន  តាម​បណ្តោយ​ផ្លូវ​លេខ ៥៩៨​ជាពិសេស​រុះរើ​ឧបករណ៍ សម្ភារៈ និង​ការ​ដាក់​តាំង​លក់ទំនិញ​ផ្សេងៗ ចេញ​ពី​លើ​ចិញ្ចើម​អម​សងខាង​ផ្លូវ បន្ទាប់​ពី​រដ្ឋបាល​ខណ្ឌ បាន​ជូនដំណឹង​ជាច្រើនលើក ច្រើនសារ​មកហើយ នា​ពេលកន្លងមក ដើម្បី​លើកកម្ពស់​សោភ័ណ្ឌភាព​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ក៏​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​មាន​ទីតាំង​អាជីវកម្ម និង​លំនៅឋាន​អម​សងខាង​ផ្លូវ​លេខ ៥៩៨​ទាំងអស់ ចាប់ពី​ផ្លូវជាតិ​លេខ​៥ រហូត​ដល់​រង្វង់​មូល​កាំកូ​ស៊ីធី ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ,​សង្កាត់​ច្រាំង​ចំ​រះ​ទី​២,​សង្កាត់​គីឡូម៉ែត្រ​លេខ ៦,​សង្កាត់​ទួល​សង្កែ​ទី​១ និង​សង្កាត់​ទួល​សង្កែ​ទី ២ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ និង​លើកកម្ពស់​សោភ័ណ្ឌភាព​រាជធានី​ភ្នំពេញ និង​ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​ចម្រុះ ដោយ​ម្ចាស់​ការរុះរើ​សំ​យ៉ាប​ដែល​បាន​សាងសង់ ចូល​ចិញ្ចើមផ្លូវ​សាធារណៈ និង​រើចេញ​នូវ​ឧបករណ៍ សម្ភារៈ និង​ការ​ដាក់​តាំង​លក់ទំនិញ​ផ្សេងៗ​ទៅតាម​គំនូស ដែល​ក្រុម​ការងារ​បាន​កំណត់​។​

​ទន្ទឹមនឹងនេះ​ដែរ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពុំ​ទាន់​បាន​រៀបចំ​ធ្វើ​ខឿន​ខាង​មុខ​លំនៅឋាន អាជីវ​កម្មដ្ឋាន ឬ​ដី​ទំនេរ និង​ច្រកចេញ -​ចូល ដែល​មិន​ទាន់​បាន​ចាក់​បេតុង​នៅឡើយ​នោះ រដ្ឋបាល​ខណ្ឌ ក៏​សូម​សំណូមពរ​ឲ្យ​បងប្អូន​រៀបចំ​ខឿន ការ៉ូឡា និង​ចាក់​បេតុង​ផ្លូវ​ចេញ ចូល លំនៅឋាន​រៀងៗ​ខ្លួន ដើម្បី​ចៀសវាង​ដី​ក​កលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​៕

ព័ត៌មានផ្សេងទៀត