ចិន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​១​លាន​ដុល្លារ​ដល់​កម្ពុជា​

10-09-2019 5:06 pm 96

​រដ្ឋាភិបាល​ចិន បានប្រគល់​សម្ភា​រឡ​ជីវ​ឧស្ម័ន និង​មធ្យោបាយ​ដឹកជញ្ជូន ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង ឲ្យ​កម្ពុជា​​នៅ​ថ្ងៃទី​១០​ខែ​កញ្ញា ក្រោម​អធិបតីភាព​លោក​វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ។ ​រដ្ឋាភិបាល​ចិន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ឲ្យ​កម្ពុជា ជា​ឡ​ជីវឧស្ម័ន​ចំនួន​១,៥០០​ឡ រថយន្ត​៣​គ្រឿង ម៉ូតូ​១៤​គ្រឿង ម៉ាស៊ីនភ្លើង​៧​គ្រឿង ម៉ាស៊ីនបូមទឹក​៧​គ្រឿង និង​សម្ភារ​ការិយាល័យ​មួយចំនួនធំ​ទៀត គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​១​លាន​ដុល្លារ​។ សម្ភារ​ទាំងអស់នេះ ត្រូវ​បែងចែក​ទៅតាម​ខេត្ត​គោលដៅ​ចំនួន​៧​ក្នុងនោះ​រួមមាន ខេត្ត​ត្បូងឃ្មុំ ចំនួន​៣០០​ឡ កំពង់ចាម​២០០​ឡ ព្រៃវែង​២០០​ឡ ស្វាយរៀង​២០០​ឡ កំពង់ឆ្នាំង​២០០​ឡ ពោធិ៍សាត់​២០០​ឡ និង​ខេត្តព្រះវិហារ​២០០​ឡ សម្រាប់​រយៈពេល​៣​ឆ្នាំ​។ 

គម្រោង​សាងសង់​ឡ​ជីវឧស្ម័ន​ចំនួន​១,៥០០​ឡ​នេះ គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​ទាំង​១៦ ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួង នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ រវាង​រដ្ឋាភិបាល​ទាំងពីរ សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្នាំ​២០១៣-២០១៧​។ ឡ​ជីវឧស្ម័ន បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​កសិករ​កម្ពុជា​នៅ​ក្នុងនោះ សំណល់​ឡ ជា​ជីធម្មជាតិ មានគុណ​ភាពល្អ សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ធ្វើឲ្យ​ភូមិ​ឋានមាន​បរិស្ថា​ននិង​អនាម័យ​ល្អ ផ្ទះបាយ​គ្មាន​ផ្សែង កាត់បន្ថយ​ការប្រើប្រាស់​អុស និង​ធ្យូង ដោយ​ប្រើ​ឧស្ម័ន​ដែល​ទាញយក​ពី​ឡ​ជំនួស ផ្តល់​ឧស្ម័ន​បង្កើតបានជា​អគ្គិសនី​ប្រើប្រាស់ ក្នុង​លំនៅឋាន​បាន​យ៉ាង​ល្អ និង​ជួយ​សន្សំ​ប្រាក់​ក្នុង​គ្រួសារ​កសិករ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក​វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​អង្គភាព​ជំនាញ ក៏ដូចជា​មន្ត្រី​អនុវត្ត​គម្រោង ត្រូវ​យកចិត្តទុកដាក់ សហការ​ល្អ​ជាមួយ​ភាគី​ចិន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​គម្រោង​នេះ ដោយ​រលូន ឆ្ពោះទៅរក​ភាពជោគជ័យ តាម​ផែនការ​ដែល​បាន​គ្រោងទុក​ដូច​មានចែង ក្នុង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ចិន​៕

 ពាក្យគន្លឹះ  ជំនួយចិន

ព័ត៌មានផ្សេងទៀត