លោក​អៀង មូ​លី​៖ ជំងឺអេដស៍​កំពុង​គំរាមកំហែង​ក្នុង​សង្គម​កម្ពុជា​នៅឡើយ​

10-09-2019 4:52 pm 37

​លោក​អៀង មូ​លី អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានបញ្ជាក់​ថា ការប្រយុទ្ធប្រឆាំង និង​ការឆ្លង​រាលដាល នៃ​មេរោគ​អេដស៍ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ដោយ​មាន​ភស្តុតាង​បញ្ជាក់ថា ការ​រាតត្បាត​មេរោគ​អេដស៍ កំពុង​តែ​ស្ថិត នៅ​ជា​ការគំរាមកំហែង ដល់​សុខភាព​សាធារណៈ​របស់​យើង​នៅឡើយ​។ លោក​បន្ថែមថា ចាប់តាំងពី​ឆ្នាំ​១៩៩០​មក យើង​បាន​បាត់បង់​ពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ដោយសារ​ជំងឺ​អេដស៍​។ បច្ចុប្បន្ន​ប៉ានស្មាន​ថា មាន​អ្នក​កំពុង់​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ប្រហែល​៧​ម៉ឺន​៣​ពាន់​នាក់​។​

​លោក​អៀង មូ​លី លើក​ឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី​ការផ្តល់​សុពលភាព​លើ​សេចក្តីព្រាង​ផែនការ យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប មេរោគ​អេដស៍ និង​ជំងឺអេដស៍​លើក​ទី​៥ សម្រាប់​ឆ្នាំ​២០១៩-២០២៣ នា​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​។​

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រូបនេះ បាន​បញ្ជាក់ទៀតថា កម្ពុជា​បាន​ធ្វើដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ ប្រឈម​ដោះស្រាយ​កា​រាតត្បាត​នៃ​មេរោគ​អេដស៍​។ គោលបំណង ឆន្ទៈ​ដ៏​មុតមាំ​អមដោយ​កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​ដោយ​ច្បាស់លាស់ ជាមួយ​ការចូលរួមចំណែក របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់ និង​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​យើង​អាច​ប្រយុទ្ធ​ទប់ស្កាត់ ការចម្លង​រាលដាល​មេរោគ​អេដស៍​។​

​ជាមួយគ្នានេះ លោក​អៀង មូ​លី បាន​ថ្លែងអំណរគុណ ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ជំរុញ​ដល់​អង្គការ​ដៃគូ​ពាក់ព័ន្ធ ចូលរួម​គ្នា​ជា​ចលនា​ជាតិ​តែមួយ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ប្រហែល​ជាង​១​លាន​នាក់  ពី​ការឆ្លង​មេរោគ​អេដស៍​។ ការកាត់បន្ថយ​ការឆ្លង​មេរោគ​អេដស៍ និង​បញ្ចៀស​ការស្លាប់​ដោយសារ​ជំងឺ​អេដស៍​នេះ ជា​ការចូលរួម​ចំណែក​មួយ ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ហើយ​ដែល​អាច​និយាយបាន​ថា នេះ​ជា​ការវិនិយោគ​របស់​យើងទាំងអស់គ្នា​។​

​សេចក្តីព្រាង​ផែនការ យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប មេរោគ​អេដស៍ និង​ជំងឺអេដស៍​លើក​ទី​៥ សម្រាប់​ឆ្នាំ​២០១៩-២០២៣ មាន​៤​យុទ្ធសាស្ត្រ រួមមាន​៖

១. ផ្តល់​សេវា​ទូលំទូលាយ​លើ​ការបង្ការ ថែទាំ​ព្យាបាល និង​ការគាំទ្រ​តាមរយៈ​វិធីសាស្ត្រ​ពហុ​វិស័យ​

២. សមាហរណកម្ម​ការឆ្លើយ​តប​មេរោគ​អេដស៍​និង​ជំងឺអេដស៍ នៅក្នុង​ប្រព័ន្ធ​សុខាភិបាល និង​វិស័យ​ក្រៅពី​សុខាភិបាល​

៣.  ពង្រីក​ការ​គ្រប់​ដណ្តប់ នៃ​សេវា​គាំពារ​សង្គម និង​លើកកម្ពស់​លទ្ធភាព​ទទួល​សេវា​ផ្នែក​ច្បាប់ និង​សង្គម​

៤. បង្កើន​ការផ្គត់ផ្គង់​មូលនិធិ​រាជរដ្ឋាភិបាល​ឲ្យបាន​៥០% នៃ​តម្រូវការ និង​បែងចែក​ផ្តល់ជូន ថវិកា​រដ្ឋ​មួយ​ចំណែក​ទៅ​អង្គការ​សង្គម​ស៊ីវិល​៕

 ពាក្យគន្លឹះ  ជំងឺអេដស៍

ព័ត៌មានផ្សេងទៀត