​ប្រមុខ​ការទូត​កម្ពុជា​៖​​បច្ចុប្បន្ន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​​ប្រឈម​នឹង​គ្រោះថ្នាក់​​

10-09-2019 4:24 pm 752

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បានឱ្យដឹងថា កងកម្លាំង​មួក​ខៀវ​កម្ពុជា​បច្ចុប្បន្ននេះ បាន​ប្រឈម​នឹង​គ្រោះថ្នាក់ ពេល​ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្រៅប្រទេស ជាមួយ​អង្គការសហប្រជាជាតិ​។ ការលើកឡើង​របស់លោក ប្រាក់ សុខុន ធ្វើឡើង​ក្រោយ​ពិធី​ដុត​កម្ទេច​គ្រាប់​ខូចគុណភាព នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិតនៅក្នុង​ក្អែក​ពង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ប្រមុខ​ការទូត​កម្ពុជា និយាយ​យ៉ាង​ដូច្នេះ​ថា «​បេសកកម្ម​របស់​យើង​បច្ចុប្បន្ន ជា​បេសកកម្ម​ប្រកបដោយ​គ្រោះថ្នាក់ ដំបូងៗ​យើង​មិនសូវមាន​គ្រោះថ្នាក់​នោះទេ ពេល​យើង​បញ្ជូន​កង​ដោះមីន ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយសារតែ​សភាពការណ៍ បាន​វិវឌ្ឍ​ប្រែប្រួល​ស្មុគស្មាញ ដោយសារ​ប្រទេស​ម៉ាលី ក៏ដូចជា​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែលមាន​ឧទ្ទាម​ច្រើន​កង ហើយ​ឧទ្ទាម​និង​ឧទ្ទាម​ឈ្លោះ​គ្នា​ផង និង​ឧទ្ទាម​ក៏​ឈ្លោះ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ផង​»​។ លោក ប្រាក់ សុខុន ក៏បាន​រំលឹក​ផងដែ​រថា នៅ​ឆ្នាំ​២០១៧ កងកម្លាំង​មួក​ខៀវ​កម្ពុជា បាន​រងគ្រោះ​ស្លាប់​០៤​នាក់ នៅ​អាហ្វ្រិក​កណ្ដាល ដោយសារតែ​ការ​ពួនស្ទាក់​ពី​សំណាក់​ឧទ្ទាម​។​

​គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៩ កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ដែល​បាន​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស បាន​ពលី​ជីវិត​ចំនួន​០៧​នាក់ និង​០២​នាក់​ទៀត​បាន​ស្លាប់​ក្រៅ​លក្ខខណ្ឌ​អង្គការសហប្រជាជាតិ ព្រមទាំង​រងរបួស​ចំនួន​០៩​នាក់​។ ក្នុងចំណោម​អ្នក​បាត់​បង់ជីវិត មាន​០៥​នាក់​នៅ​អាហ្វ្រិក​កណ្ដាល និង​០៤​នាក់​នៅ​ប្រទេស​ម៉ាលី​។​

​សូមបញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព ក្រោមឆ័​ត្រអង្គ​ការសហ​ប្រជាតិ ដើម្បី​បំពេញបេសកកម្ម​មនុស្ស​ធម៌​នៅ​ក្រៅប្រទស ចាប់ពី​ឆ្នាំ​២០០៦​។ ប្រទេស​ដែល​កម្ពុជា បញ្ជូន​កងកម្លាំង​ទៅនោះ​រួមមាន សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្ដាល​ជាដើម​៕

ព័ត៌មានផ្សេងទៀត