មេដឹកនាំ​ហុងកុង​ថា​​អំពើហិង្សា​​មិន​អាច​ដោះស្រាយ​​វិបត្ដិ​បានឡើយ​

10-09-2019 3:32 pm 142
មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​

​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​បាន​និយាយ​នៅ​ថ្ងៃ​ទី​១០​កញ្ញា​នេះ​ថា ការកើនឡើង​នូវ​អំពើហិង្សា​មិនអាច​ដោះស្រាយ​បញ្ហា​សង្គម​នៅ​ហុងកុង​បាន​ឡើយ​។ លោកស្រី​បន្ថែមថា​ពិតជា​សោកស្ដាយ​ខ្លាំងណាស់ ចំពោះ​អន្ដរជាតិ​ដែល​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​។ 

​ថ្លែង​បន្ទាប់ពី​មាន​ការជួបជុំ​កាលពី​ចុង​សប្ដាហ៍ ដែល​មាន​ផ្ទុះ​នូវ​ការប៉ះទង្គិច​ផង​នោះ លោកស្រី​ឡា​ម​បញ្ជាក់បន្ថែម​ថា វា​ពិតជា​មិន​សមរម្យ​ទេ​ដែល​មាន​ភាគី​អន្ដរជាតិ ចូល​មក​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។ ទោះបីជា​ក្នុង​វិធីសាស្ដ្រ​ណាក៏ដោយ ហុងកុង​មិន​អនុញ្ញាត​ទេ គឺ​មិន​អនុញ្ញាត​ឲ្យមាន​នរណា​ម្នាក់​ក្លាយជា​អ្នក​ពាក់ព័ន្ធ​នឹង​វិបត្ដិ​ហុងកុង​ឡើយ​។ លោកស្រី​និយាយ​នេះ​ចង់​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក ដែល​បង្ហាញ​ជំហរ​គាំទ្រ​ដល់​ក្រុម​បាតុករ​នៅ​ហុងកុង ហើយ​ក្រុមបាតុករ​ក៏​ធ្លាប់​ទទូច​ឲ្យ​អាមេរិ​កជួយ​ដែរ​។​

​គួររម្លឹកថា ចាប់តាំងពី​ផ្ទុះ​ការតវ៉ា​តាំងពី​ថ្ងៃ​ទី​០៩​ខែ​មិថុនា​ឆ្នាំ​២០១៩ ប្រឆាំង​នឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​រួចមក ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​បាន​ពង្រីក​កម្លាំង​ប្រឆាំង​ធំ​ឡើងៗ រហូត​ផ្ទុះ​អំពើ​ហិង្សា​ជា​ច្រើនលើក​។ មនុស្ស​ជាច្រើន​នាក់​រង​របួស​ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជាច្រើន​ទៀត​។ បច្ចុប្បន្ន ដ្បិត​មេដឹកនាំ​ហុងកុង​សម្រេច​លុបចោល​សេចក្ដីព្រាង​ច្បាប់​ធ្វើ​បត្យាប័ន​នេះ ប៉ុន្ដែ​ក្រុម​បាតុករ​មិនទាន់​ពេញចិត្ដ​នឹង​ការដោះដូរ​ទេ ពួក​ចង់បាន​ចំណុច​ជាច្រើន​ទៀត​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត