កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​ទៀត​ហើយ​​កាលពី​ព្រឹក​​ថ្ងៃ​១០​កញ្ញា​នេះ​

10-09-2019 3:08 pm 145

​តាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​១០​កញ្ញា​នេះ ដែល​ហោះ​បាន​ចម្ងាយ​ប្រមាណ​៣៣០​គីឡូម៉ែត្រ​។ មន្ដ្រី​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​និយាយថា មី​ស៊ី​ល​ទាំងពីរ​គ្រាប់​នោះ​បាញ់​ចេញពី​តំបន់​ភាគ​ខាងលិច​ប្រទេស ហោះ​ឆ្ពោះទៅ​ភាគ​ខាងកើត​ប្រទេស នៅ​ម៉ោង​ប្រមាណ​៦​និង​៥៣​នាទី ហើយ​មួយ​គ្រាប់​ទៀត​នៅ​ម៉ោង​ប្រមាណ​៧​និង​១២​នាទី​។​

​មន្ដ្រី​កូរ៉េខាងត្បូង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ពួកគេ​កំពុង​ធ្វើការ​ជាមួយ​អ្នកជំនាញ​អាមេរិក ដើម្បី​វិភាគ​ពី​ប្រភេទ​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​ទើប​ធ្វើ​តេស្ដ និង​រយៈកម្ពស់​របស់​មី​ស៊ី​ល​នេះ​ផង​ដែរ​។ បច្ចុប្បន្ន​នៅ​មិនទាន់​ដឹង​ទេ​ថា វា​ជា​មី​ស៊ី​ល​ផ្លោង​ឬ​យ៉ាងណា​។ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​កោះប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ ដើម្បី​ពិភាក្សា​ពី​ការឆ្លើយតប​នានា​។ សមាជិក​ក្រុមប្រឹក្សា​ក៏​សម្ដែង​ក្ដី​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​សកម្មភាព​របស់​កូរ៉េខាងជើង​នៅ​ពេល​នេះ​។​

​នេះ​គឺជា​លើក​ទី​៨​ហើយ​ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ជាថ្មី គិត​តាំងពី​ថ្ងៃ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​។ កាលពី​យប់​ថ្ងៃ​ទី​០៩​កញ្ញា​អនុរដ្ឋមន្ដ្រី​ទី​មួយ​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​បន្ដ​ការពិភាក្សា​ដ៏​ទូលាយ​មួយ ស្ដី​ពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េ​ជាមួយ​សហរដ្ឋអាមេរិក នៅ​ចុង​ខែ​កញ្ញា​នេះ​។ 

​ដោយឡែក​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ម្ដងទៀត បន្ទាប់​ពី​មន្ដ្រី​កូរ៉េខាងជើង​និយាយ​ពី​ការចរចា​ដូច្នេះ ប្រហែល​ជា​ការប៉ុនប៉ង​របស់​កូរ៉េខាងជើង​ចង់​ដាក់​សម្ពាធ​លើ​អាមេរិក និង​អាច​ជា​ការ​ចង់ដឹងថា​តើ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​នឹង​ធ្វើឲ្យ​អាមេរិក​មាន​ប្រតិកម្ម​យ៉ាងណា​។ តែ​សម្រាប់​លោក​ដូណាល់ ត្រាំ​កន្លងមក លោក​មិន​ដែល​ចាត់ទុក​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​កូរ៉េខាងជើង ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​ទេ​។ លោក​នៅ​តែ​បង្ហាញ​ឆន្ទៈ​ថា កូរ៉េ​ខាងជើង​នៅតែ​ចង់​បញ្ចប់​បញ្ហា​តាម​រយៈ​ការចរចា​ដដែល​។​

​យ៉ាងណាមិញ​បើ​និយាយ​ពី​កូរ៉េខាងត្បូង ជប៉ុន និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត មិន​សប្បាយ​ចិត្ដ​ទេ​រឿង​កូរ៉េខាងជើង​ធ្វើ​តេ​ស្ដមី​ស៊ី​ល​ឡើងវិញ​។ មូលហេតុ​ដោយ​បារម្ភ​ខ្លាច​ភាព​តានតឹង​ផ្ទុះ​ឡើង​ដូច​មុន ធ្វើឲ្យប៉ះពាល់​ដល់​សន្ដិសុខ​ក្នុង​តំបន់​និង​សន្ដិសុខ​អន្ដរជាតិ​៕​

ព័ត៌មានផ្សេងទៀត