នាយករដ្ឋមន្ដ្រី​​អង់គ្លេស​៖​​អាច​ចងដៃ​ខ្ញុំ​បាន​​តែ​មិន​អាច​​ពន្យារ​ពេល​​ចេញ​ពី​អឺរ៉ុប​ឡើយ​

10-09-2019 3:02 pm 199

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​បាន​និយាយថា លោក​នឹង​មិន​ស្នើសុំ​ឲ្យ​ពន្យារ​ពេល​ចាកចេញ​ពី​អឺរ៉ុប​ឡើយ​។ ការលើក​ឡើង​ដូច្នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ច្បាប់​មួយ​ចូល​ជា​ធរមាន ដោយ​ទាមទារ​ឲ្យ​អង់គ្លេស​ពន្យារពេល​ដើរចេញ​ពី​អឺរ៉ុប​រហូតដល់​ឆ្នាំ​២០២០​។ ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ សមាជិក​សភា​អង់គ្លេស​បាន​ច្រានចោល​សំណើ​របស់​លោកនាយក​រដ្ឋមន្ដ្រី ដែល​ព្យាយាម​បំបែក​ភាពជាប់គាំង​តាមរយៈ​ការសុំ​ឲ្យ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​។ 

​កាលពី​សប្ដាហ៍​មុន​លោក​បាន​បរាជ័យ​ក្នុង​ការបោះឆ្នោត​ម្ដង​ដែរ គឺ​ការបោះឆ្នោត​ស្វែងរក​សំឡេង​គាំទ្រ​ភាគច្រើន​នៅក្នុង​សភា ដើម្បី​រៀបចំ​យុទ្ធសាស្ដ្រ​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​។ ប៉ុន្ដែ​លោក​ទទួលបាន​សំឡេង​មិន​គ្រប់គ្រាន់​ទេ ហើយ​សមាជិក​សភា​គណ​បក្ស​របស់​លោក បាន​ទាំង​ចូល​ដៃ​ជាមួយ​គណបក្ស​ប្រឆាំង បង្កើត​សេចក្ដីព្រាងច្បាប់​មួយ​សុំ​ឲ្យ​ពន្យារពេល​។ ទីបំផុត​សេចក្ដីព្រាងច្បាប់​ស្នើ​ឲ្យ​ព្យារ​ពេល​បាន​ចូល​ជា​ធរមាន ហើយ​លោក​ក៏ត្រូវ​សមាជិកសភា​គណបក្ស​ប្រឆាំង ច្រាន​ចោល​សំណើសុំ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​ទៀត​។​

​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​លោក​ច​ន​សុន​នៅតែ​ទទូច​តតាំង​ប្រឆាំងនឹង​មតិ​ជំទាស់ ហើយ​លោក​លើកឡើង​ថា រដ្ឋាភិបាល​អង់គ្លេស​នឹង​ដាក់​សម្ពាធ​លើ​ការចរចា​ស្វែងរក​កិច្ចព្រមព្រៀង ខណៈ​មាន​ការរៀបចំ​មួយទៀត​ដើម្បី​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​តែម្ដង​។ លោក​បន្ដ​ថា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១៧​និង​១៨​តុលា  ហើយ​មិន​ថា​មាន​សមាជិក​សភា​ប៉ុន្មាន​នាក់​ចង់​ចងដៃ​លោក​ក៏ដោយ លោក​នឹង​តស៊ូ​លុះ​ដល់​ទីបញ្ចប់​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ក្នុងន័យ​បម្រើឲ្យ​ផលប្រយោជន៍ជាតិ​។ រដ្ឋាភិបាល​មួយ​នេះ​នឹង​មិន​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប​ទៀតឡើយ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ចូលកាន់​តំណែង​នាយករដ្ឋមន្ដ្រី​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​មក លោក​បូរី​ស ច​ន​សុន​បាន​ប្រឈម​ការវាយប្រហារ​យ៉ាងខ្លាំង ជុំវិញ​ការដឹកនាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​ផែនការ​ច្បាស់លាស់​។ លោក​ត្រូវ​បន្ដ​តួនាទី​ពី​អតីត​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ ដែល​ចុះចេញ​ពី​តំណែង​ក្រោយ​មិន​អាច​ជួយ​អង់គ្លេស​ឲ្យ​ចាក​ចេញ​បាន​។ បន្ទុក​ការងារ​នេះ​ហាក់ដូចជា​ធ្ងន់ធ្ងរ​បន្ដិច​សម្រាប់​លោក​ច​ន​សុន ប៉ុន្ដែ​លោក​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា លោក​មិន​រា​ថយ​ដាច់ខាត​ហើយ​នឹង​បន្ដ​ដើរ​ទៅ​មុខ​ដរាបណា​លោក​នៅ​មាន​ដង្ហើម​៕

 ពាក្យគន្លឹះ  អង់គ្លេសចេញពីអឺរ៉ុប

ព័ត៌មានផ្សេងទៀត